បន្ទាយមានជ័យ៖ គម្រោងដីធីធីភីគ្រុប(T.T.P . Land ) របស់លោកឧកញតែ តាំងប៉ លើអតីតទីតាំងដីគម្រោងក្រុមហ៊ុន KP MORN DANY Land & House របស់ លោកស្រីម៉ន ដានី និង ស្វាមី ជនជាតិថៃគឺ លោកឧកញ៉ាឃុនថាវង្ស ផងផាន់ ដែលអត់ច្បាប់ ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាប់និងព្រំប្រទល់ភូមិ សាលាក្រហម ឃុំសំរោងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយពីប្តូម្ចាស់ លោកឧកញ៉ា តែ តាំងប៉ ជាម្ចាស់ថ្មីបាន ពិធីសម្ពោធ ដាក់ឲ្យដំណើរការកាល ពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កន្លងមក មន្ត្រីជំនាញនៃភូមិបាលក្រុង និង មន្ទីរ មិនទាន់បានទទួលឯកសារ លិខិតបទដ្ឋានអ្វីនៅឡើយ នៅតែមានបញ្ហា ហើយពិបាកនឹងជឿទុកចិត្តបានណាស់។
លោកឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដីនគរោបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មាន នៅព្រឹក ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៣ ឲ្យដឹងថា គម្រោងដីឡូតិ៍ និង វិឡា របស់ក្រុមហ៊ុនធីធីភីគ្រុប((T.T.P . Land ) របស់លោកឧកញ៉ា តែ តាំងប៉ បានបើកពិធីសម្ពោធដាក់ឲ្យដំណើរការយ៉ាងណាក្តី រហូតមកដល់ម៉ោងនេះ ក៏លោកប្រធានមន្ទីរ មន្ត្រីជំនាញនៃភូមិបាល ក្រុងនិង មន្ទីរ មិនបានទទួលឯកសារ លិខិតបទដ្ឋានអ្វីនៅឡើយ ក្នុងនោះអត់មានឯកសារគតិយុត្តិ និងច្បាប់អនុញ្ញាតិ ពាក់ព័ន្ធ គឺក្រុមហ៊ុនធីធីភីគ្រុប(T.T.P . Land ) ថ្មីនេះនៅឡើង ក៏ដូចជាក្រុមហ៊ុន KP MORN DANY Land & House ) កាលពីនៅលើទីតាំងចាស់ដដែល សរុបមក មន្ទីរមិនទាន់ទទួលបានឬអត់មានឯកសារអីនៅឡើយទេ ទាក់ទិនក្រុមហ៊ុន មកវិនិយោគថ្មីនេះគឺអត់មានដូចកាលពីក្រុមហ៊ុន KP MORN DANY ចាស់នោះដែរ ។
ចំណែក លោកឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យ សាលាខេត្តបន្ទាយមានជ័យ ប្រាប់ឲ្យដឹងថា ក្រុមហ៊ុនធីធីភីគ្រុប((T.T.P . Land ) បានមកស្នើសុំរដ្ឋបាលខេត្ត ដើម្បីវិនិយោគលើវិស័យអចលនវត្ថុ ហើយខេត្ត ក៏បានអនុញ្ញាតិឲ្យជាគោលការណ៍រួចហើយ ប៉ុន្តែបែបបទ គតិយុត្តិពាក់ព័ន្ធ អាជ្ញាធរនិងជំនាញនានា នៅមិនទាន់បានត្រឹមត្រូវនិងគ្រប់គ្រាន់ នៅឡើយ ដូចក្រុមហ៊ុនចាស់ដែលអាជ្ញាធរមានសមត្ថកិច្ចបានបិទគម្រោងកន្លងមក ។
ប្រជាពលរដ្ឋជាអតិថិជនបានលើកឡើងថា ពួកគេជាអតីថិជននៃក្រុមហ៊ុនចាស់(ក្រុមហ៊ុន KP MORN DANY Land & House ) បានរងគ្រោះ ដោយសារបានកក់ បានទិញដីឡូតិ៍ និងផ្ទះ វិឡារបស់ក្រុមហ៊ុននោះកន្លងមក លុះបន្ទាប់មកទើបដឹងថា ក្រុមហ៊ុនអត់ច្បាប់ ហើយរត់ទៅបាត់ គាត់ចង់ដឹងថា តើ ក្រុមហ៊ុនធីធីភីគ្រុប(T.T.P . Land ) ថ្មីមកវិនិយោគលើទីតាំងចាស់នេះ មានច្បាប់ រឺអត់ច្បាប់ ដូច ក្រុមហ៊ុនមុនទៀរឺអត់ តើរឿងរបស់អតិថិជនចាស់ក្រុមហ៊ុនថ្មីដោះស្រាយយ៉ាងណា។
លោកឧកញ៉ាតែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃធីធីភីគ្រុប((T.T.P . Land ) ក្នុងពិធីសម្ពោធជាផ្លូវការគម្រោងលំនៅឋាននិងដីឡូតិ៍នេះ នៅតាមផ្លូវជាតិលេខ៥ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាប់ព្រំប្រទល់ភូមិសាលាក្រហម ឃុំសំរោងស្រុកអូរជ្រៅលោក និយាយថា គម្រោងនេះស្ថិតនៅតំបន់ដែលមានសក្តានុពលដើម្បីធានាជូនអតិថិជនរបស់យើងទទួលបាននូវ “ភាពជឿជាក់ក្នុងការរស់នៅ” លើគម្រោងអភិវឌ្ឍន៍ថ្មីបន្ថែមទៀត ទីនេះមានផ្ទៃដីចំនួន១៨៥ហិកតា អភិវឌ្ឍជំហានទី១ ក្នុងគម្រោងនិងប្រើប្រាស់ផ្ទៃដីចំនួន ៧៨.៥ ហិកតា មានការសាងទៅលើផ្ទះប្រភេទវិឡា ទោលចំនួន ៩៥១ផ្ទះ និងមានដីឡូត៍សរុប ចំនួន ៣.២៤៩ ឡូត៍ ពិសេសមានប្រភេទទំហំដីតាមអតិថិជនតំរូវការជាក់ស្ដែងបន្ថែម និងក៏មានការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាផងទៀត។
ចំណែកលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា អាជ្ញាធរ មានសមត្ថកិច្ចសូមស្វាគមន៍ និងលើក ទឹកចិត្តដល់ក្រុមហ៊ុនធីធីភីឡែននេះ បានមកវិនិយោគលើអចលនទ្រព្យ ពិតជាមានភាពត្រឹមត្រូវ មានច្បាប់អនុញាតិ មានបែបបទពីជំនាញនិងអាជ្ញាធរគ្រប់ថ្នាក់ ដែលអាចផ្តល់ភាពជឿជាក់ដល់បងប្អូនប្រជាពលរដ្ឋបាន ។
ប៉ុន្តែលោកសង្កាត់ធ្ងន់ថា សូមឲ្យក្រុមហ៊ុនត្រូវបំពេញឬសុំច្បាប់អនុញតិឬបែបបទឲ្យគ្រប់គ្រាន់ កុំឲ្យពលរដ្ឋលំបាក ហើយលើកក្នុងវេទិកាសាធារណ:ឬតវ៉ាមកអាជ្ញាធរមានសមត្ថកិច្ច ឈឺក្បាលពិបាកដោះស្រាយ ។
រហូតដល់ថ្ងៃនេះ ក្រុមហ៊ុនធីធីភីគ្រុប((T.T.P . Land )របស់លោកឧញ៉ា តែ តាំងប៉ ស្ថិតលើទីតាំងដីក្រុមហ៊ុនចាស់នៅមិនទាន់រត់ច្បាប់ចេញបាននៅឡើយក្នុងនោះលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃធីធីភីគ្រុប((T.T.P . Land )កំពុងសុំគោលការណ៍ ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បើបានហើយ ក្រុមហ៊ុននឹងបន្តរត់ការសុំទៅការិយាល័យ មន្ទីរជំនាញនិងអាជ្ញាធរពាក់ព័ន្ធនិងទៅដល់ក្រសួងទៀតផង ។
ចំពោះអតីថិជនជាមួយក្រុមហ៊ុនចាស់ ក្រុមហ៊ុនថ្មីនឹងទទួលស្គាល់សិទ្ធិនិងផលប្រយោជន៍ឲ្យតែមានឯកសារបញ្ជាក់ត្រឹមត្រូវ សិន៕