កំពត៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួត លើការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹក ក្នុងក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានសម្ដែងនិងអបអរសាទរចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលទទួលបានជ័យលាភីពីការប្រកួតដ៏ស្វិតស្វាញនេះ ព្រមទាំងបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ «គណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ។
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពអធិកអធម និងមហោឡារឹក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យត្រចះត្រចង់គួរជាទីមោទ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្រ្តរបស់កម្ពុជា បន្ទាប់ពីខកខានអស់រយៈពេលជាង ៦៤ឆ្នាំមក ដោយបញ្ហាសង្រ្គាមដ៏រ៉ាំរ៉ៃ ពុំមានសុខសន្តិភាពពេញលេញ។ ហេតុដូច្នេះហើយទើបគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ បានសម្រេចជ្រើសរើសពាក្យស្លោកប្រកបដោយអត្ថន័យជ្រាលជ្រៅថា “កីឡារស់ក្នុងសន្តិភាព” ។
សូមបញ្ជាក់ថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ មានវិញ្ញាសាសរុបចំនួន១៣ ហើយកីឡាករ កីឡាការិនី កម្ពុជាទទួលបានមេដាយសរុបចំនួន ៨គ្រឿង ក្នុងនោះរួមមាន៖
– មេដាយមាស ចំនួន ០២គ្រឿង លើវិញ្ញាសា បុរស ៥នាក់ សម្រាប់ចម្ងាយ ៥០០ម៉ែត្រ និង ៨០០ម៉ែត្រ
– មេដាយប្រាក់ ចំនួន ០២គ្រឿង លើវិញ្ញាសា នារី ៣នាក់ អាយុក្រោម២៤ សម្រាប់ចម្ងាយ ២៥០ម៉ែត្រ និងបុរស៥នាក់ អាយុក្រោម២៤ ចម្ងាយ ២៥០ម៉ែត្រ
– មេដាយសំរិទ្ធ ចំនួន ០៤គ្រឿង លើវិញ្ញាសា ចំរុះបុរសនារី ១២នាក់ អាយុក្រោម២៤ សម្រាប់ចម្ងាយ ៥០០ម៉ែត្រ, វិញ្ញាសាចំរុះបុរសនារី ១២នាក់ មិនកំណត់អាយុ ចម្ងាយ ៨០០ម៉ែត្រ, វិញ្ញាសាបុរស១២នាក់ អាយុក្រោម២៤ ចម្ងាយ ៥០០ម៉ែត្រ និងវិញ្ញាសាបុរស១២នាក់ មិនកំណត់អាយុ ចម្ងាយ ៨០០ម៉ែត្រ ។