ភ្នំពេញ ៖ ស្រ្តីជនសង្ស័យម្នាក់ ជាអ្នកលក់ផលិតផលតាមអនឡាញ ត្រូវបានកម្លាំងសមត្តកិច្ច នគរបាលខណ្ឌទួលគោកឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ពាក់ពន្ធករណីពបទ.ជេរប្រមាថជាសាធារណៈ បទហឹង្សាដោយ ចេតនា និងបទរំលោភលំនៅឋាន តាមពាក្យបណ្តឹងរបស់អតីតម្តាយក្មេក ។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា ស្ត្រីជនសង្ស័យឈ្មោះ ញឹម សុខឡេង ហៅ លូមីអាយុ២៧ ឆ្នាំ មានទីលំនៅក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ៤៧ ផ្លូវP២១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា កាលពីវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះ ញឹម សុខឡេង ហៅលូមី ជាអតីតកូនប្រសារ បានទៅស្រែកជេរប្រមាថឡូឡា វាយទ្វារផ្ទះធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ស្របពេលនោះក្មេងនៅផ្ទះជាមួយបានបើកទ្វារក៏ឃើញឈ្មោះ ញឹម សុខឡេង ស្ទុះឡើងទៅលើផ្ទះជាន់ទី១ ជួបអតីតម្តាយក្មេក។ ពេល នោះអតីតម្តាយក្មេក បានសួរទៅអតីតកូនប្រសារថា បើមានបញ្ហាអ្វីចាំទៅដោះស្រាយគ្នា នៅចំពោះមុខសមត្តកិច្ចដែលជាអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃស្អែកទៅ មិនគួរមករំខានដំនណេកពួកគាត់ទាំងយប់នោះទេ ។
ទោះជាយ៉ាងណាជនសង្ស័យមិនព្រមស្តាប់ និងបានប្រើអំពើហឹង្សាយ៉ាងកំរោល ដោយយកកៅអីគប់ និងវាយទៅលើអតីតម្តាយក្មេក បណ្តាលឲ្យរបួសស្នាមត្រង់ដៃ និងស្មាខាងស្តាំ ហើយជនសង្ស័យបន្តជេរប្រមាថ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារៈ និងវាយកម្ទេចគ្រឿងជាទីសការៈបូជាទៀតផង ។ លើសពីនេះទៀតជនសង្ស័យបានអុកឡុកដោយហឹង្សាទៅម្តាយដើមបណ្តឹង មានវ័យចំណាស់អាយុ៩៥ ឆ្នាំ ដែលសម្រាកនៅកន្ទេល ធ្វើឲ្យតក់ស្លុតស្ទើរគាំងបេះដូងម្តងៗ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ទាំងយប់ ហើយជនសង្ស័យក៏បានដឹងយ៉ាងច្បាស់ថា ជីដូនមានវ័យចំណាស់ចាស់ជរា និងមានជម្ងឺបេះដូងប្រចាំកាយ និងងាយរងការតក់ស្លុតបំផុត ។
ពាក្យបណ្តឹងបានបញ្ជាក់ទៀតថា ជនសង្ស័យជាមនុស្សមានអត្តចរិតកោងកាច តែងតែរករឿងបង្កជម្លោះ តាំងពីមុនរៀបអាពាហ៍ពិពាហ៍ជាមួយកូនប្រុសគាត់ ដោយពួកគេរស់នៅមិនចុះសម្រុងគ្នា ក៏បានប្តឹងសុំផ្តាច់ចំណងអាពាហ៍ពិពាហ៍ រហូតដល់តុលាការបានចេញសាលក្រមលែងលះរួចរាល់ហើយ តែជនសង្ស័យនៅតាមបង្កបញ្ហាទៀត ។ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យក៏ធ្លាប់បានជេរប្រមាថ ទៅលើក្រុមគ្រួសារជាដើមបណ្តឹងទាំងកណ្តាលយប់ និងបានវាយកម្ទេចរថយន្តអស់២គ្រឿង ដែលសកម្មភាពនោះកំពុងជាប់បណ្តឹងនៅតុលាការទៀតផង ។
យោងតាមប្រភពបានឲ្យដឹងថា សំណុំរឿងខាងលើនេះបានស្ថិតនៅក្នុងដៃលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ៕