ពោធិសាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយលួង សហការណ៍ជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកកណ្តៀតចុះបង្រ្កាបសង្វៀនជល់មាន់មួយកន្លែង និងដកហូត ម៉ូតូចំនួន ៥ គ្រឿង កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៣ ស្ថិតនៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិសាត់ ក្នុងនោះកម្លាំងសមត្ថកិច្ចក៍បានឃាត់ខ្លួនមនុស្សចំនួន ២ នាក់យកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការអប់រំ ។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងបានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបសង្វៀនជល់មាន់នោះ សមត្ថកិច្ចនគរបាលបានរឹបអូសមធ្យោបាយមានម៉ូតូចំនួន ៥ គ្រឿង និង មាន់ ២ ក្បាល ព្រមទាំង សម្ភារះមួយចំនួនដែលអ្នកលេងល្បែងជល់មាន់ទាំងនោះបានរត់ចោល យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង ក្រៅពីនោះសង្វៀនជល់មាន់មួយកន្លែងក៍ត្រូវបានកម្លាំងសមត្ថកិច្ចដុតកម្ទេចចោលនៅនិងកន្លែងផងដែរ។
សូមបញ្ជាក់ថា កន្លងមកកម្លាំងសមត្ថកិច្ចនៅតាមបណ្តាមូលដ្ឋាន គឺតែងតែចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទដែលតែងតែកើតមាននៅតាមមូលដ្ឋានដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប៉ុន្តែអ្នកញៀនល្បែងទាំងនោះនៅតែបន្តលេងដោយលួចលាក់ក្រោមរូបភាពបិទបាំងពីក្រសែភ្នែករបស់សមត្ថកិច្ចដដែល៕