ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលយេនឌ័រក្រោមឱវាទក្រសួងការងារ ដើម្បីបំប៉នសមត្ថភាពបន្ថែមក្នុងការអនុវត្តផែនការសកម្មភាព វិធានការណ៍ គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងការលើកកម្ពស់សមភាពយេនឌ័រ លើកកម្ពស់តម្លៃស្ត្រីឱ្យកាន់តែប្រសើរថែមទៀត។
លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែឧសភា ឆ្នាំ២០២៣ មានសិក្ខាកាមចូលរួមប្រមាណជិត៣០០នាក់។
លោកស្រី ច័ន្ទសូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា ប្រទេសកម្ពុជាមានស្ត្រីដល់ទៅ៥១ភាគរយនៃប្រជាជនសរុប ប៉ុន្តែការផ្ដល់ឱកាស ការអប់រំដល់ស្ត្រីនៅមានកម្រិត ទើបរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិលើកម្ពស់សីលធម៌សង្គមតម្លៃស្រ្តីនិងគ្រួសារខ្មែរ គោលនយោបាយជាតិ វិធានការណ៍នានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងយន្តការបញ្ជ្រាបយេនឌ័រនៅកម្ពុជា។ នៅឆ្នាំ២០២៣ ទើបនឹងបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងដាក់ចេញផែនការសកម្មភាពការងារឆ្នាំ២០២៤ផងដែរ។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា រាជរដ្ឋាភិបាលបានផ្តោតទៅលើសមភាពយេនឌ័រនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងសមត្ថភាពស្ត្រី ការកែប្រែឥរិយាបថសង្គមដែលមានការរើសអើងចំពោះស្ត្រី និងការធានានូវសិទ្ធិ និងឱកាសទទួលបាននូវការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាលមុខជំនាញ ការទទួលបានធនធានសេដ្ឋកិច្ច និងឱកាសចូលរួមប្រាស្រ័យដោយស្មើភាពក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាការទទួលបានកិច្ចការពារតាមផ្លូវច្បាប់ប្រកបដោយយុត្តិធម៌ ។
ដើម្បីឱ្យស្ត្រីអាចជៀសផុតពីអំពើហិង្សា ការជួញដូរ ការរំលោភសេពសន្ធវៈ និងរាល់ទម្រង់ដទៃទៀតនៃការចូលរួមរបស់ស្រ្តីឱ្យបានច្រើនជាអតិបរិមាក្នុងស្ថាប័នជាតិគ្រប់កម្រិត ចាប់តាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន៕