ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ចុះត្រួតពិនិត្យក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែត ដែលមានឈ្មោះថា «ហូមអ៊ិនធើណែត» និងតាមបុរីនានា ខណៈសេវាអ៊ិនធើណែតមានការលំបាកក្នុងការប្រើប្រាស់ ហើយក៏បានអំពាវនាវគ្រប់បុរីទាំងអស់ត្រូវធ្វើតាមការណែនាំរបស់ក្រសួងផងដែរ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៏បែបនេះក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជិត ៨៨៨នាក់ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ
សម្តេចតេជោ បានបញ្ជាក់ថា សេវាអ៊ិនធើណែត នៅតាមបុរីនានា ពិបាកក្នុងការប្រើប្រាស់ ដូច្នេះសុំក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ត្រូវចុះត្រួតពិនិត្យជាបន្ទាន់ ខណៈសម័យទំនើបឌីជីថលហើយ តែបែជាសេវាកម្មអ៊ិនធើណែតមានការយឺតយ៉ាវ និងរអាក់រអួលទៅវិញនោះ។
សម្តេចតេជោ បានអំពាវនាវឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ត្រូវបង្កើនលើកអង់តែនរបស់ខ្លួនឲ្យបានច្រើន និងគ្រប់ទីកន្លែង៕