សានទុង- ចិន៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញកាត់ខ្សែបូរសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងយានថាយ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីគណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។
មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺជាច្រកទ្វារមួយសម្រាប់ផ្តល់ព័ត៌មានទាក់ទងនឹងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា ជូនវិនិយោគិនចិន នៅក្នុងខេត្តសានទុង និងខេត្តដទៃទៀត នៃប្រទេសចិន ដែលមានបំណងទស្សនា ឬ ធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។
លោក ប៉ាន សូរស័ក្តិ បានស្នើលោកស្រី ចាង យ៉ាម៉ី ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ធ្វើការដាក់តាំងបង្ហាញផលិតផលខ្មែរ ឱ្យបានអតិបរមា ដើម្បីទាក់ទាញការបញ្ជាទិញពីទីផ្សារប្រទេសចិន និងជំរុញការនាំចេញផលិតផលជាតិ។
លោក ចាង តៃលីង អភិបាលរងក្រុងយានថាយ បានគាំទ្រការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងយានថាយ អំពីសក្តានុពលប្រទេសកម្ពុជា ព្រមទាំងកាលានុវត្តភាពធុរកិច្ច និងគោលនយោបាយគាំពារវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមគ្នានេះ លោកនឹង ជួយជំរុញវិនិយោគិនចិន ចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា។
នៅរសៀលថ្ងៃដដែលនេះដែរ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានបន្តដំណើរជួបពិភាក្សាការងារជាមួយ លោកស្រីរិន អាយរ៉ុង អភិបាលរងខេត្តសានទុង ក្នុងទីក្រុងជីណាន។ នៅក្នុងជំនួប លោកស្រី បានស្វាគមន៍គណៈប្រតិភូកម្ពុជា និងបានជម្រាបជូនអំពីប្រវត្តិខេត្តសានទុង និងចំនួនក្រុមហ៊ុននៃខេត្តសានទុង ដែលបានកំពុងធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។
លោកស្រី រិន អាយរ៉ុង ក៏បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួយគាំទ្រគម្រោងរបស់វិនិយោគរបស់ខេត្តសានទុង លើការបង្កើតសួនឧស្សាហកម្ម និងគ្រឿងម៉ាស៊ីន នៅកម្ពុជា។ ហើយវិនិយោគិនខេត្តសានទុង យចូលទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជា រហូតដល់ ១១២ក្រុមហ៊ុន។
លោករដ្ឋមន្រ្តី បានសន្យាជួយសម្របសម្រួលធុរកិច្ច ដល់វិនិយោគិនខេត្តសានទុងទាំងអស់ និងបានសំណូមពរ លោកស្រីអភិបាលរងខេត្ត ជួយជំរុញពាណិជ្ជករចិន ធ្វើការទិញកសិផលពីកម្ពុជាឱ្យបានអតិបរិមា ដូចជា អង្ករ ស្វាយ ដំឡូងមី មៀន ចេក និងផលិតផលផ្សេងៗទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន៕
