(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងថៃ (TCCT) និងលេខាធិការដ្ឋានអាស៊ាន កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ បាន រៀបចំកិច្ចប្រជុំប្រមូលធាតុចូលលើការបង្កើតប្រព័ន្ធចែករំលែកព័ត៌មានលើករណីរួមបញ្ចូលគ្នានៃធុរកិច្ច «Merger Information Sharing Portal (MISP) Brainstorming Meeting» ឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង GIZ ។
កម្មវិធីនេះ គឺ ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា គ.ប.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្រ្តី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា និងលោក Frank Tibitanzlt ទីប្រឹក្សាបង្គោលសម្រាប់គម្រោង COMPETE រួមជាមួយនឹង សមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ លេខាធិការអាស៊ាន ជំនាញការ និងមន្ត្រីជំនាញមកពីបណ្តាស្ថាប័នប្រកួតប្រជែងនានាក្នុងតំបន់អាស៊ាន សរុបចំនួន ៣៥រូប ចូលរួមដោយផ្ទាល់នៅសណ្ឋាគារសាន់អ៊ែនមូន រាជធានីភ្នំពេញ និងតាមប្រព័ន្ធអនឡាញ។
សូមបញ្ជាក់ផងដែរថា ការបង្កើតនូវប្រព័ន្ធចែករំលែកព័ត៌មានលើករណីរួមបញ្ចូលគ្នានៃធុរកិច្ច (MISP) ជាសកម្មភាពអាទិភាពរបស់អាស៊ាន ស្របតាមផែនការសកម្មភាពប្រកួតប្រជែងអាស៊ាន ២០២៥។
ដូចនេះកិច្ចប្រជុំនេះ ដើរតួជាវេទិកាមួយដែលអនុញ្ញាតឱ្យមន្ត្រីជំនាញមកពីស្ថាប័នប្រកួតប្រជែងក្នុងតំបន់អាស៊ាន ជជែកពិភាក្សា និងសហការបង្កើតប្រព័ន្ធចែករំលែកព័ត៌មានលើករណីរួមបញ្ចូលគ្នានៃធុរកិច្ច (MISP) នេះឡើង ដើម្បីត្រួតពិនិត្យនិងតាមដានករណីរួមបញ្ចូលគ្នានៃធុរកិច្ចដែលជាផលប្រយោជន៍របស់អាស៊ាន ឬដែលមានផលប៉ះពាល់ដល់យុត្តាធិការរបស់បណ្តាប្រទេសសមាជិកអាស៊ាន។
ជាមួយគ្នានេះដែរ ប្រព័ន្ធនេះនឹងរួមចំណែកពង្រឹងការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ច នាំឱ្យភ្នាក់ងារប្រកួតប្រជែងទទួលបានព័ត៌មានកាន់តែប្រសើរ បង្កើនសមត្ថភាពវិភាគអំពីផលប៉ះពាល់លើការប្រកួតប្រជែង ទទួលបានដំណោះស្រាយដែលមានប្រសិទ្ធភាព និងសន្សំសំចៃធនធាន។
ក្នុងគោលបំណងគឺ ការពារធុរកិច្ចនិងអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ានប្រកបដោយប្រសិទ្ធភាព ពីអំពើដែលរារាំងរឹតត្បិតដល់ការប្រកួតប្រជែង និងដើម្បីលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងដោយស្មោះត្រង់នៅក្នុងតំបន់អាស៊ាន។