ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញ ចូលរួមសម្ពោធជាផ្លូវការអគារស្នាក់ការកណ្តាលវីងថៅវ័រ (Wing Tower) រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២០ ធ្នូ ២០២៣។
ធនាគារវីង ដែលមានម្ចាស់ហ៊ុនជាកូនខ្មែរ ១០០% មានការិយាល័យប្រតិបត្តិការចំនួន ២១ទីតាំង បណ្តាញវីងចំនួន ១៥.០០០កន្លែង បង្កេីតការងារជិត ៣.០០០នាក់ ។
អគារស្នាក់ការកណ្តាលធនាគារវីង គឺជាការរីកចម្រើននៃវិស័យឯកជនផ្នែកហិរញ្ញវត្ថុ ដែលជាសរសៃឈាមភ្ជាប់គ្នាយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រជាជន។
ការវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីភាពទំនុកចិត្ត និង ជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ចរឹងមាំ និងភាពធន់របស់វិស័យធនាគារ និង ហិរញ្ញវត្ថុរបស់កម្ពុជា ។