ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ខេត្តក្យង់សាំងប៊ូកដូកូរ៉េ​នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារពលករកម្ពុជា

(សាធារណរដ្ឋកូរ៉េ)៖ តបតាមការអញ្ជើញ ពីសំណាក់ឯកឧត្ដម Lee Cheol Woo (លី ឆល់វូ)អភិបាលខេត្តក្យង់សាំងប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Lee Cheol Woo ដើម្បីពិភាក្សាលើវិស័យការងាររវាងប្រទេសទាំងពីរ និងការគាំពារពលករកម្ពុជា។

ក្នុងជំនួបពិភាក្សានោះ លោករដ្ឋមន្រ្តី ហេង សួរ បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារ​​ រួមទាំងការទទួលយកពលករកម្ពុជាតាមប្រព័ន្ធអនុញ្ញាតមុខរបរ​ និងតាមកម្មវិធីពលកររដូវកាល ពិសេសការគាំពារពលករកម្ពុជា​ដែលកំពុងស្នាក់នៅ​ និងធ្វេីការនៅក្នុងខេត្តក្យង់សាំងប៊ូកដូ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីសម្រាប់ការអញ្ជេីញទស្សនកិច្ច និងបង្កេីនកិច្ចសហប្រតិបត្តិការនាពេលនេះ​ ដែល អភិបាលខេត្ត​សង្ឃឹមថា ភាគីទាំងពីរ​ នឹងទទួលលទ្ធផលជាវិជ្ជមានយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរនាពេលខាងមុខ។

តាមរយៈជំនួបពិភាក្សានេះ ភាគីទាំងពីរនឹងបន្តសហប្រតិបត្តិការគ្នាកាន់តែស្អិតរមួតបន្ថែមទៀត និងជួយអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយអាចពង្រីកលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកអភិបាលខេត្ត នឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយជាសម្ភារ: ឧបករណ៍សម្រាប់បំពាក់នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវ: បង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ សិស្ស និស្សិត គ្រូបច្ចេកទេស ចែករំលែកនូវបទពិសោធន៍ប្រព័ន្ធបច្ចេកវិទ្យា រួមទាំងផ្តល់ជំនួយរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់។

បន្ទាប់ពីជំនួបនេះ​ លោករដ្ឋមន្រ្តីក៏បានអញ្ជេីញទស្សនកិច្ចនៅសាលាបណ្តុះបណ្តាលពន្លត់អគ្គិភ័យក្យង់សាំងប៊ូកដូ​ផងដែរ​៕


#MLVT #HENGSour