ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជំរុញឱ្យវិស័យឯកជននិងតំណាងកម្មករនិយោជិតចូលរួមអនុវត្តការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយឱ្យបានជោគជ័យ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១ខែឧសភាឆ្នាំ២០២៤នេះបានប្រារព្ឋខួបអនុស្សាវរីយ៍លើកទី១ ៣៨ នៃទិវាពលកម្មអន្តរជាតិ១ឧសភានៅទីស្តីការក្រសួង ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោកស្រី កេន ឆេងឡាងតំណាងភាគីសហជីព ឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក និងលោកទុន សុភ័ណ តំណាងអង្គការអន្តរជាតិខាងការងារ (ILO)។
លោក ហេង សួរ បានលើកឡើងថា ការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយទាមទារឱ្យភាគីនិយោជកនិងកម្មករនិយោជិត បន្តស្វែងយល់ពីតួនាទីនិងភារកិច្ចរៀងៗខ្លួនឱ្យបានច្រើនជាងមុន និងព្យាយាមខិតជិតចូលគ្នាជជែក និងពិភាក្សា ដើម្បីកសាងទំនុកចិត្តរវាងភាគីទាំងពីរដោយឈរលើការគោរពច្បាប់ស្តីពីការងារ ក្នុងការការពារផលប្រយោជន៍ភាគីទាំងសងខាង ដើម្បីកសាងភាពសុខដុមនីយកម្មនៅក្នុងរោងចក្រសហគ្រាស។

ទន្ទឹមនឹងនេះតួអង្គរាជរដ្ឋាភិបាលដែលមានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការក៏មានភារកិច្ចសំខាន់ក្នុងការសាងសមត្ថភាពមន្ត្រីអធិការកិច្ច និងមន្ត្រីពាក់ព័ន្ធដើម្បីធានាលើការបម្រើសេវាកម្មជូនកម្មករនិយោជិត និងនិយោជកឱ្យកាន់តែប្រសើរ និងធានាបានភាពយុត្តិធម៌ដែលគ្រប់ភាគីទទួលយកបាន។

នៅចំពោះមុខអង្គការវិជ្ជាជីវៈនិងអ្នកចូលរួម៣៥២នាក់រដ្ឋមន្ត្រីបានពន្យល់លំអិតពីអនុលោមភាពទាំង៨ចំណុច ដែលជាចំណុចពិន្ទុប្រើប្រាស់សម្រាប់ការវាយតម្លៃលើកម្មវិធីប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយដើម្បីឱ្យអ្នកចូលរួមកាន់តែយល់ច្បាស់។បន្ថែមពីនេះលោកក៏បានពន្យល់ពីសារៈសំខាន់ និងភាពចាំបាច់នៃការអនុវត្តឱ្យបានជោគជ័យនៃកម្មវិធីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ជាកម្មវិធីសម្រាប់ធ្វើឱ្យមានវឌ្ឍនភាពសម្រាប់កម្មករនិយោជិត និយោជកឱ្យកាន់តែប្រសើរ និងការទាក់ទាញអ្នកវិនិយោគឱ្យកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរ ដែលគ្រប់គ្នានឹងទទួលបានផលលាភនៃការរីកចម្រើននេះ។

ជាមួយនឹងអនុសាសន៍ដ៏សំខាន់នេះលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ជូ នអង្គពិធីថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា មានមហិច្ឆតាខ្ពស់ដោយមិនគ្រាន់តែទាក់ទាញអ្នកវិនិយោគិនបរទេសប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឱ្យរោងចក្រមានភាពសុខសាន្តដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់គ្រប់ភាគីសម្រាប់វឌ្ឍនភាព និងភាពរីកចម្រើន ដែលទាមទារឱ្យមានការចូលរួមពីភាគីតំណាងកម្មករនិយោជិត និយោជក និងរាជរដ្ឋាភិបាល ដែលជាធាតុមិនអាចខ្វះគ្នាបានដើម្បីឱ្យកម្ពុជាមានសហគ្រាសមួយដ៏សុខសាន្ត៕

#MLVT #HENGSour