ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលការិនីមកពីអារ៉ាប៊ីសាអូឌីតសប្បាយចិត្តនិងអរគុណរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និងមើលថែតាំងពីនៅអារ៉ាប៊ីសាអូឌីត រហូតមកដល់ស្រុកខ្មែរ

ភ្នំពេញ៖ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមពលការិនីខ្មែរមកពីប្រទេសអារ៉ាប៊ី សាអូឌីត បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងអរគុណរាជរដ្ឋាភិបាលចំពោះការយកចិត្តទុកដាក់ និងមើលថែតាំងពីនៅអារ៉ាប៊ី សាអូឌីតរហូតមកដល់ប្រទេសកម្ពុជា ជាពិសេសបានជួបឪពុកម្ដាយ បងប្អូន និងសាច់ញាតិរបស់ពួកគាត់។
ការមកដល់របស់ពលការិនីខ្មែរទាំង ៥នាក់នេះ មិនខុសពីពល ការិនីមុនៗឡើយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត។

ពលការិនី ឌឿន ភាព ដែលជាពលការិនីខ្មែរធ្វើការក្រុមហ៊ុន BAB នៅប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើតវិញ ហើយក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកកម្ពុជាដែលបានដុតដៃដុតជើង ដើម្បីជួ យឲ្យពួកគាត់បានវិលត្រឡប់មកស្រុកខ្មែរវិញដោយសុវត្ថិភាព។ ពលការិនីដដែលបញ្ជាក់ថា៖«អារម្មណ៍ខ្ញុំរំភើបសប្បាយរីករាយដែលបានមកដល់ប្រទេសកម្ពុជាយើងវិញ។ និយាយរួមតាំងពីព្រលានប្រទេសអារ៉ាប់ រហូតដល់ព្រលានថៃ ព្រលានខ្មែរ គឺគាត់យកចិត្តទុកដាក់មែនទែន»។

ចំណែក ពលការិនី ចំរើន ស្រីស ដែលជាពលការិនីម្នាក់ទៀត បានរៀបរាប់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយជ្រោមជ្រែងពលការិនីតាំងពីនៅប្រទេសអារ៉ាប៊ីសាអូឌីត រហូតមកដល់កម្ពុជា តាំងពីកន្លែងស្នាក់នៅ និងការហូបចុក ជាដើម។
ពលការិនីរូបនេះក៏បានអរគុណដល់រាជរដ្ឋាភិបាលយ៉ាងខ្លាំង ដោយពលការិនីបញ្ជាក់ថា៖«មានអារម្មណ៍ថាសប្បាយចិត្ត នៅពេលខ្ញុំមកដល់ឃើញជាក់ស្ដែងខ្ញុំអួលដើមករ ពួកគាត់ទទួលរាក់ទាក់ខ្ញុំមែនទែន»។

ដោយឡែក ពលការិនី វេន ចន្ធី និងពលការិនី យ៉េ ធឿន ក៏មិនខុសគ្នាប៉ុន្មានពីពលការិនីខាងលើដែរ ដោយបានបង្ហាញអារម្មណ៍សប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធបានជួយសម្របសម្រួលឲ្យពួកគាត់មកខ្មែរវិញ ពិសេសស្ថានទូតខ្មែរ និងក្រសួងការងារមានការយកចិត្តខ្លាំងចំពោះក្រុមពលការិនី តាំងពីនៅប្រទេសអារ៉ាប៊ីសាអូឌីត រហូតបានមកដល់ប្រទេស កម្ពុជា។ «ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន គ្មានអ្វីប្រៀបបានទេ ខ្ញុំអរគុណខ្លាំងមែនទែន»។ នេះជាសម្ដីរបស់ពលការិនីទាំងពីរ។

សូមបញ្ជាក់ថា បន្ទាប់ពីសម្របសម្រួលពលការិនីចំនួន ៥នាក់ ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តសហការយ៉ាងសកម្មជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងការសម្របសម្រួលជូនពលការិនីផ្សេងទៀតឱ្យបានវិលត្រឡប់មកមាតុប្រទេសវិញនៅពេលឆាប់ៗ ជាបន្តបន្ទាប់៕

#MLVT #HENGSour