(ភ្នំពេញ)៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បើយោងតាមព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះបានបញ្ជាក់ដោយបានចេញមកច្រានចោលនូវរូបភាពដែលបានចែកចាយ នៅលើបណ្ដាញសង្គមថា អាជីវករផ្សារធំថ្មី នាំគ្នាបិទតូបមិនប្រកបអាជីវកម្ម។
អ្នកនាំពាក្យរូបនេះ បានអះអាងថា រូបថតដែលត្រូវបានគេចែក ចាយឃើញតូបរបស់អាជីវករបិទទ្វារនោះ គឺថតនៅព្រឹកព្រលឹម មុនពេលពួកគាត់បើកតូបប្រកបអាជីវកម្ម។
លោកបានគូសបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមិថុនានេះ អាជីវករផ្សារធំថ្មី ក៏ដូចជាអាជីវករនៅគ្រប់ផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ កំពុងតែប្រកបអាជីវកម្មតាមធម្មតា មិនមានអ្វីទៅបង្កការរំខានដល់ការ ប្រកបរបរទទួលទានរបស់ពួកគាត់ឡើយ។
សូមជម្រាបថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅតាមបណ្ដាញសង្គម បានចែកចាយនូវរូបភាពប៉ុន្មានសន្លឹកនៃតូបលក់ដូរស្ថិតក្នុងផ្សារធំថ្មី ដោយប្រឌិតថា អាជីវករនាំគ្នាបិទតូបមិនលក់ដូរឡើយ៕