ព្រះសីហនុ:អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)នៅថ្ងៃទី៧ខែមិថុនាឆ្នាំ ២០២៤ នេះបានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”។
កម្មវិធីនេះ ក្រោមអធិបតីភាពរបស់ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក.។
ក្រៅពីនេះមានការអញ្ជើញចូលរួមពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ, លោក ឡោក ហ៊ួរ អនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា លោល ស៊ូ ភិរិន្ទ សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ, ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្ត។
បន្ថែមពីនេះមាន តំណាងសាលាដំបូងខេត្ត, មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, មេបញ្ជា- ការនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត, តំណាងស្នងការដ្ឋាននគរបាលខេត្ត, ប្រធានមន្ទីរនិង អង្គភាពជំនាញពាក់ព័ន្ធ, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក, ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងប្រតិបត្តិករល្បែងផ្សងសំណាង សរុប ១៤៥ នាក់។
កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ ១.បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះ និង ផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត ព្រះសីហនុ លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់ និងដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននិង កំពុងកើតមានឡើង នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង។
ទី២. បង្កើនកិច្ចសហការឱ្យកាន់តែ ជិតស្និទ្ធរវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តព្រះសីហនុ សំដៅ ផ្លាស់ប្តូរព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ច រៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាបណ្ណ និង/ឬអាជ្ញាបណ្ណសាខា និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក. និង៣. លើកកម្ពស់ការយល់ដឹងឱ្យ កាន់តែទូលំទូលាយនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែង ផ្សងសំណាង ដើម្បីជំរុញអនុលោមភាពនិងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និង ចូលរួម កាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ អគ្គលេខាធិការ គ.ល.ក.ក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា មកដល់បច្ចុប្បន្ន នៅទូទាំងប្រទេស គ.ល.ក. បានផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ចំនួន ២១ អាជ្ញា- បណ្ណសាខាល្បែងផ្សងសំណាង ចំនួន ៤៥ និងប៉ុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ សម្រាប់តែប្រភេទ ឆ្នោតកោស ឆ្នោតសន្លឹក និងឆ្នោតឡូតូ (ប្រភេទ ៥ខ្ទង់ ឬ៦ខ្ទង់) ហើយខេត្តព្រះសីហនុ មានសាខាក្រុម ហ៊ុនល្បែងផ្សងសំណាង ចំនួន ១ និងប៉ុស្តិ៍សេវា ចំនួន ១២ ទីតាំង និងពុំមានស្នាក់ការក្រុមហ៊ុនល្បែង ផ្សងសំណាងឡើយ ព្រមទាំងបានណែនាំដល់ប្រតិបត្តិករល្បែងផ្សងសំណាង ត្រូវអនុវត្តឱ្យត្រឹមត្រូវតាម លក្ខខណ្ឌអាជ្ញាបណ្ណ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន មិនត្រូវលួចលាក់បង្កប់កន្ទុយលេខ ឆ្នោត វៀតណាម-ថៃ ខេណូ និងល្បែងស៊ីសងខុសច្បាប់ផ្សេងទៀត និងត្រូវចូលរួមសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច ឱ្យមានប្រសិទ្ធភាព ដើម្បីបង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់កើតមានជាថ្មី។
ជាមួយគ្នា នេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេស គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងបំពេញតួនាទី របស់ខ្លួនឱ្យបានម៉ឺងម៉ាត់និងស្មារតីទទួលខុសត្រូវខ្ពស់ ដោយផ្អែកលើមូលដ្ឋានច្បាប់និងចំណេះដឹងដែល ទទួលបានពីកិច្ចប្រជុំពិភាក្សានាព្រឹកនេះ ដើម្បីបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងទប់ស្កាត់ មិនឱ្យកើតមានជាថ្មីនៅក្នុងមូលដ្ឋានរបស់ខ្លួន។
បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុលផុស និងតាមការណែនាំរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត រួចមក គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ បានប្តេជ្ញាយ៉ាងមុតមាំថា នឹងចាត់វិធានការបង្ក្រាបឱ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងទប់ស្កាត់មិនឱ្យមានល្បែងស៊ី- សងខុសច្បាប់ កើតមានជាថ្មីនៅក្នុងមូលដ្ឋានរបស់ខ្លួន។
កិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅខេត្តព្រះសីហនុ” បានប្រព្រឹត្តទៅដោយរលូននិងទទួលបានផ្លែផ្កាគាប់ប្រសើរ តាមការរំពឹងទុក។