វៀតណាម៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៣ ដែលរដ្ឋបាលគយវៀតណាមជាម្ចាស់ផ្ទះ និងជាប្រធានអង្គប្រជុំប្តូរវេន។
នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូគយនៃប្រទេសសមាជិកអាស៊ានទាំងអស់ និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។
អង្គប្រជុំបានស្ដាប់របាយការណ៍ និងពិភាក្សាអំពីវឌ្ឍនភាពការងារសហប្រតិបត្តិការគយអាស៊ានរួមមាន៖ ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ២០២១-២០២៥ ដែលគោលដៅយុទ្ធសាស្ត្រនីមួយៗ ដឹកនាំនិងសម្របសម្រួលការអនុវត្តដោយក្រុមការងារ និងអនុក្រុមការងារមួយចំនួនដូចជា ក្រុមការងារកសាងសមត្ថភាព (CCBWG), ក្រុមការងារជំរុញអនុលោមភាព និងការអនុវត្តច្បាប់ (CECWG), ក្រុមការងារនីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម (CPTFWG), ប្រព័ន្ធបញ្ជរតែមួយអាស៊ាន, ការអនុវត្តការរៀបចំការទទួលស្គាល់ទៅវិញទៅមកនៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតអាស៊ាន (AAMRA), ការអនុវត្តប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ACTS) ជាដើម ។
អង្គប្រជុំក៏បានពិភាក្សា និងអនុម័តលើការងារមួយចំនួនរួមមាន៖ គោលការណ៍ណែនាំស្តីពីការរៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយអាស៊ានឆ្នាំ ២០២៦-២០៣០, បន្តគម្រោងប្រតិបត្តិការគយរួមក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន (Customs Joint Control Project), គាំទ្រ និងចូលរួមក្នុងប្រតិបត្តិការតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការបង្ក្រាបការរត់ពន្ធគ្រឿងញៀន ជាដើម ។
អគ្គនាយកគយអាស៊ានក៏បានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នា ជាមួយគណៈប្រតិភូនៃអង្គការគយពិភពលោក (WCO), រដ្ឋបាលគយអូស្រ្តាលី, ចិន, ជប៉ុន, និងកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ ជាពិសេសបញ្ហាកើតឡើងថ្មីៗដូចជា គោលនយោបាយកែទម្រង់របស់ WCO, ការអភិវឌ្ឍរដ្ឋបាលគយវៃឆ្លាត, គម្រោងរដ្ឋបាលគយបៃតង, ពាណិជ្ជកម្មអេឡិកត្រូនិចឆ្លងកាត់ព្រំដែន, ការផ្លាស់ប្ដូរបទពិសោធលើការងារ AEO, ការគ្រប់គ្រងកាកសំណល់ប្លាស្ទិក ជាដើម ។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយរដ្ឋបាលគយកូរ៉េ លោកបណ្ឌិត គុណ ញឹម បានធ្វើជាសហប្រធានជាមួយឯកឧត្តម Kwang-hyo KO អគ្គនាយកនៃរដ្ឋបាលគយកូរ៉េ លើប្រធានបទស្តីពីការបញ្ចូលបច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិម្មិត (Artificial Intelligence) ក្នុងប្រតិបត្តិការគយ, ការពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបការរត់ពន្ធគ្រឿងញៀនឆ្លងកាត់ព្រំដែន, និងការចែករំលែកចំណេះដឹងនិងបច្ចេកទេសគយតាមរយៈកម្មវិធីជំនួយបច្ចេកទេស ។
អគ្គនាយកគយអាស៊ានក៏បានប្រជុំពិគ្រោះយោបល់ជាមួយសមាគមធុរកិច្ចនៃវិស័យឯកជនសំខាន់ៗ រួមមាន៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ABC), ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងរដ្ឋបាលគយអាស៊ាននិងវិស័យឯកជន និងពិភាក្សាស្វែងរកដំណោះស្រាយបញ្ហាមួយចំនួនដែលវិស័យឯកជនបានលើកឡើង ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់ ។
ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជាបានប្រជុំទ្វេភាគីជាមួយគណៈប្រតិភូ នៃរដ្ឋបាលគយថៃ និងគណៈប្រតិភូនៃរដ្ឋបាលគយជប៉ុន ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគយនិងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
របៀបវារៈប្រជុំជាមួយរដ្ឋបាលគយថៃ រួមមាន៖ ការតាមដានវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់,កិច្ចសហការប្រយុទ្ធប្រឆាំងនឹងបទល្មើស ឆ្លងដែន និងការត្រៀមរៀបចំកិច្ចប្រជុំទ្វេភាគីនៃអង្គភាពគយតំបន់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នាពេលខាងមុខ ។ ដោយឡែកក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលគយជប៉ុន មានរបៀបវារៈជាអាទិ៍៖ តាមដានវឌ្ឍនភាពស្តីពីកិច្ចសហ-ប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរនាពេលកន្លងមក, ការផ្ដល់ជំនួយបច្ចេកទេសក្នុងការកសាងសមត្ថភាពដល់គយកម្ពុជា, កិច្ចគាំទ្រទៅវិញទៅមកក្នុងវេទិកាគយតំបន់ និងពិភពលោក (WCO) ។
គណៈប្រតិភូនៃរដ្ឋបាល គយទាំង២ ក៏បានពិភាក្សាគ្នាអំពីការបន្តរៀបចំឯកសារក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ ។
គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជាបានទទួលជួបប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ដើម្បីស្តាប់សំណើរបស់ក្រុមប្រឹក្សាធុរកិច្ច និងការផ្តល់វឌ្ឍនភាពពាក់ព័ន្ធនឹងទំនើបកម្ម នៃរដ្ឋបាលគយកម្ពុជា ក្នុងគោលដៅបន្តសម្រួលពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនឱ្យកាន់តែទូលំទូលាយ ។
ក្នុងឱកាសជួបប្រជុំនេះ EU-ABC ក៏បានកោតសរសើរពីវឌ្ឍនភាពយ៉ាងឆាប់រហ័ស នារយៈពេលចុងក្រោយរបស់រដ្ឋបាលគយកម្ពុជាក្នុងការអនុវត្តប្រព័ន្ធអេឡិកត្រូនិច ឆ្ពោះទៅកាន់ឌីជីថលភាវូបនីយកម្មនៃប្រតិបត្តិការគយ រួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ, ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ, ការអនុវត្តនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយមុនពេលទំនិញមកដល់, ការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO) និងនីតិវិធីសាមញ្ញនៃការគ្រប់គ្រង់បញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិច ជាពិសេសបញ្ញើមានតម្លៃទាប ។
សូមជម្រាបផងដែរថា កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី ៣៤ នឹងត្រូវទទួលរៀបចំនិងដឹកនាំដោយរដ្ឋបាលគយព្រុយណេក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។