ភ្នំពេញ:នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី«ការពិនិត្យលទ្ធភាពពន្លឿនវិស័យផលិតកម្មស្វាយចន្ទីឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់» នៅទីស្តីការគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំនោះប្រព្រឹត្តទៅក្រោយការដឹកនាំដោយ លោកបណ្ឌិតស ភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។
លោក ឃឹម ហ្វីណង់ បានធ្វើបទបង្ហាញស្តីពីកម្មវិធីគោលនយោបាយអាទិភាពនៃការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងវឌ្ឍនភាពសំខាន់ៗ នៃការងារចងក្រងសហគមន៍កសិកម្មទំនើបក្នុងពេលកន្លងមក ដោយផ្តោតសំខាន់ទៅលើអនុវិស័យស្វាយចន្ទី និងគម្រោងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ ក្នុងខេត្តកំពង់ធំ នៅក្នុងឆ្នាំ២០២៤នេះ។
កិច្ចប្រជុំក៏បានពិភាក្សាយ៉ាងផុលផុសអំពីវិធីសាស្រ្តនានា ដែលជំរុញឱ្យដំណាំស្វាយចន្ទីមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ ក៏ដូចជាបញ្ហាប្រឈម និងដំណោះស្រាយនានា ដើម្បីគាំទ្រដល់ការកែច្នៃស្វាយចន្ទីនៅក្នុងស្រុកផងដែរ៕