(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ លោ៧បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៤នេះជាទិវាលើកទី៧ហើយ ដែលទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈត្រូវបានប្រារព្វធ្វើឡើងថ្នាក់ជាតិនៅរាជធានីភ្នំពេញ និងថ្នាក់ក្រោមជាតិនៅគ្រប់ខេត្តទូទាំងប្រទេស។
ទិវានេះក៏មានការដាក់តាំងបង្ហាញនូវពិព័រណ៍មុខជំនាញ សមិទ្ធផ ល ស្នាដៃ ខ្សែសង្វាក់ផលិតកម្ម និងការធ្វើតេស្តវាយតម្លៃសមត្ថភាព ដើម្បីជំរុញនិងលើកទឹកចិត្តឱ្យមហាជនចូលរួមអនុវត្ត ក្នុងការវាយតម្លៃទទួលស្គាល់សមត្ថភាព តាមរយៈប្រព័ន្ធវាយតម្លៃទទួលស្គាល់ការសិក្សាដែលមានពីមុនព្រមទាំងចែករំលែកចំណេះដឹង បទពិសោធន៍ ព័ត៌មានអំពីការសិក្សា និងតម្រូវការទីផ្សារការងារពីសំណាក់វាគ្មិនសំខាន់ៗ បង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលបំពេញគ្នាទៅវិញទៅមកឱ្យស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។
លោករដ្ឋមន្ត្រីបន្តថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានចម្លង ដែលមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែងទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដែលមានប្រសិទ្ធភាពឆាប់រហ័សឆ្ពោះទៅរកការងារ និងជាផ្លូវដែលអាចឱ្យសិស្សបន្តការសិក្សាបាន និងអាចបំពេញការងារបានក្នុងពេលតែមួយ ដើម្បីស្វែងរកចំណូលចូលរួមចំណែកក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារ។
ថ្លែងនៅក្នុងពិធីបើកជាផ្លូវការនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៧ គឺជាព្រឹត្តិការណ៍ និងចលនាជាតិមួយយ៉ាងសំខាន់ក្នុងលើកកម្ពស់រវាងរដ្ឋ និងឯកជន និងដៃគូអភិវឌ្ឍនានា ដើម្បីជំរុញផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង និងការលើកទឹកចិត្តដល់យុវជន សិស្ស មាតា បិតា អាណាព្យាបាល និយោជក និយោជិត ព្រមទាំងសាធារណជនទូទៅ ឱ្យចូលរួមកាន់តែច្រើន និងសកម្ម លើការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។
ឧបនាយករដ្ឋមន្រ្តីរំពឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៧ នឹងក្លាយជាកាលានុវត្តន៍ភាពយ៉ាងសំខាន់ថ្មីមួយទៀតក្នុងការបង្កើនប្រាក់ចំណូល ការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ ជូនដល់ប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់។ ក្នុងនោះដែរ ការបណ្តុះបណ្តាលជំនាញទៅដល់យុវជននេះត្រូវស្របតាមអភិក្រមរបស់សម្តេចធិបតីគឺ រៀនឱ្យចប់ ឲ្យចេះ ឱ្យមានការងារធ្វើ។
ការបណ្តុះបណ្តាលនេះគឺធ្វើយ៉ាងណាឱ្យពលរដ្ឋកម្ពុជា យុវជន យ៉ាងហោចណាស់មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។
គួរបញ្ជាក់ផងដែរថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧នេះ មានការរៀបចំការតាំងបង្ហាញស្នាដៃ ឱកាសសិក្សាជំនាញ ឱកាសការងារ ការធ្វើតេស្តវាយតម្លៃសមត្ថភាព និងមានស្តង់ពិព័រណ៍ចំនួន ១២៥ ដោយមានការចូលរួមពីស្ថាប័នចំនួន ១០៤ ក្នុងនោះមាន ក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន៣៤ និងក្រុមហ៊ុន គ្រឹះស្ថានឯកជន អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ចំនួន ៧០ ព្រមទាំងមានបង្ហាញពីសារៈសំខាន់នៃការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ផ្សព្វផ្សាយ និងណែនាំអំពីវិស័យ និងមុខជំនាញអាទិភាពដែលទីផ្សារកំពុងមានតម្រូវការខ្ពស់ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកំពុងធ្វើការបណ្តុះបណ្តាល។
សូមជម្រាបជូនថា សាធារណជន អាចចូលរួមទស្សនាស្តង់ពិព័រណ៍ដោយសេរី នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ២០:០០នាទី៕
#MLVT #HENGSour