ភ្នំពេញ: ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ “គោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់”។
វេទិកាខាងលើនេះមានការចូលរួមពីលោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា រួមទាំងអ្នកសារព័ត៌មានប្រមាណ ៧៥ រូប មកពី ៥៥ ស្ថាប័ន។
នេះជាលើកដំបូងដែល ក្លិបអ្នកកាសែតកម្ពុជាសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំវេទិកាដូចប្រធានបទខាងលើ ដើម្បីផ្តល់ឲ្យកាសដល់មន្ត្រីជំនាញបានលើកទ្បើងនូវស្ថានភាពទូទៅនៃបញ្ហាគ្រឿងញៀននៅ លើសកលលោកក៏ដូចជានៅកម្ពុជា ការបង្រ្កាប បញ្ហាប្រឈម លទ្ធផល និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលរួមទាំងស្ថាប័នជំនាញពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
ទន្ទឹមនោះ អ្នកសារព័ត៌មានក៏នឹងមានឱកាសដើម្បីលើកជាសំណួរទាក់ទងនឹងប្រធានបទខាងលើនេះផងដែរ។ វេទិកានេះមានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ដែលមិនគ្រាន់តែស្វែងយល់អំពីស្ថានភាពនៃបញ្ហាគ្រឿងនោះទេ ប៉ុន្តែនឹងបានទទួលនូវចំណេះដឹងទាក់ទងនឹងនិតិវិធីនៃការផ្តន្ទាទោសអ្នកពាក់ព័ន្ធករណីគ្រឿងញៀនផងដែរ៕