ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋាភិបាល​ស្វី​ស​នៅ​តែ​គាំទ្រដល់​ដំណើរការ​ របស់មន្ទីរពេទ្យ​គន្ធ​បុប្ផា

ភ្នំពេញ​៖​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​របស់លោក​ Ivo​ Sieber​ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​ស្វី​ស​នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​សូម​អរគុណ​ដល់​រដ្ឋាភិបាល​ស្វី​ស​ នៅតែ​បន្ត​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដែល​ជា​មន្ទីរពេទ្យ​មួយ​ដែល​មាន​សារសំខាន់​សម្រាប់​កុមារ​កម្ពុជា​។​

លោក​ Ivo​ Sieber​ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​ស្វី​ស​ បាន​​កោតសរសើរ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បង្កើត​នូវ​មូលនិធិ​ ដើម្បី​គាំទ្រ​ ទៅ​ដល់​ដំណើរ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​ ហើយ​រដ្ឋាភិបាល​ស្វី​ស​នៅ​តែ​ខិតខំ​បន្ត​កៀរគរ​ប្រភព​គាំទ្រ​ពី​ឯកជន​ និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ​ ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​ នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នេះ​។​

​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​  បាន​វាយតម្លៃ​ខ្ពស់​និង​ការ​រីក​ចម្រើន​ និង​ការ​អភិវឌ្ឍន៍​ របស់​ប្រទេស​ស្វី​ស​ ហើយ​សម្តេច​ក៏​សូម​អរគុណ​ចំពោះ​រដ្ឋាភិបាល​ស្វី​ស​ដែល​ធ្លាប់​បាន​ជួយ​គាំទ្រ​ដល់​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​នៅ​កម្ពុជា​។​ ហើយ​បច្ចុប្បន្ន​នេះ​ក៏​មាន​គម្រោង​មួយ​ចំនួន​ដែរ​ ដែល​ស្វី​ស​កំពុង​បន្ត​គាំទ្រ​ តាម​រយៈ​ធនាគារពិភពលោក​។​ ហើយ​សម្តេច​ក៏​បាន​សង្កត់ធ្ងន់​ថា​ របៀបវារៈ​ក្នុង​ការ​កំណែទម្រង់​នេះ​ គឺជា​កិច្ចការ​មួយ​ក៏​មាន​សារៈសំខាន់​ និង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។​ ហើយ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ផ្ទេរអំណាច​ទៅ​ដល់​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ជំរុញ​ធ្វើ​យ៉ាងណា​ដើម្បី​អោយ​កំណែទម្រង់​ថ្នាក់​ក្រោម​ជាតិ​មាន​វិ​វត្ត​រីក​ចម្រើន​ទៅ​មុខជា​លំដាប់​។​

​សម្តេច​ក្រឡាហោម​ បានបញ្ជាក់ថា​ ក្រសួងមហាផ្ទៃ​នឹង​បន្ត​អនុវត្ត​ទៅ​តាម​អ្វី​ដែល​បាន​សម្រេច​ គឺ​ការ​បង្កើត​នូវ​វេទិការ​ ភាព​ជា​ដៃគូ​រវាង​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ី​វិល​ ដែល​បាន​កំណត់​ក្នុង​មួយ​ឆ្នាំ​មាន​ជំនួប​២​ដង​ ដើម្បី​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​សុខដុម​នី​កម្ម​នៅ​ក្នុង​ការងារ​រវាង​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ី​វិល​ ៕