ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ស្នើដល់ក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពិនិត្យ និងគាំទ្របន្ថែមដល់វិស័យឌីជីថល និង សេដ្ឋកិច្ចបៃតង

MoINFO APP

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើដល់ក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិពិនិត្យ និងជួយគាំទ្របន្ថែមដល់វិស័យថ្មី (Emerging Sectors) ដូចជា៖ វិស័យឌីជីថល និង សេដ្ឋកិច្ចបៃតង ព្រមទាំងវិស័យសហគ្រាសធុនតូច និងមធ្យម។

ការស្នើរបស់លោកអគ្គបណ្ឌិតសភាចារ្យ បានធ្វើឡើងនៅក្នងឱកាសអនុញ្ញាតឱ្យលោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងារ របស់ខ្លួននៅកម្ពុជា។

ឆ្លៀតនាឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោក អាសាដ យ៉ាកុប ដែលបានបំពេញការងារក្នុងអាណត្តិរយៈពេល ៥ ឆ្នាំ កន្លងមក និងបានកសាងស្នាដៃ និងសមិទ្ធផលជាច្រើន ដល់កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនៅកម្ពុជា ពិសេសការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ ។

ជាមួយគ្នានោះលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលបានគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ ២០០០ មក ក្នុងវិស័យហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិ-ពាណិជ្ជកម្ម និងវិស័យអប់រំ ដែលជាលទ្ធផល បានជួយបង្កើតឱកាសការងារថ្មី បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាគួរឱ្យកត់សម្គាល់ ។

លោក អាសាដ យ៉ាកុប បានលើកឡើងថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានជួយបង្កើនប្រភពហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) រហូតដល់ ៩៩% ក្នុងចំណោមវិស័យឯកជនសរុបទូទាំងប្រទេស និងបានផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់រាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមានច្បាប់ National Payment System និងការរៀបចំច្បាប់ និង បទប្បញ្ញត្តិ ក្នុងការចែករំលែកព័ត៌មានឥណទាន (Credit-Information Sharing) ដូចជា ការបង្កើតឱ្យមាន Private Credit Bureau ចាប់ពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន ។ បន្ថែមលើនេះ, ក្រោមក្របខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP), សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក៏បានពង្រឹងសមត្ថភាពមន្រ្តី តាមរយៈការចូលរួមទស្សនកិច្ចសិក្សា, សិក្សាវគ្គបណ្តុះបណ្តាលនានា និងការផ្តល់សេវាទីប្រឹក្សា ដែលគាំទ្រ ដល់ការរៀបចំអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ។

លោក អាសាដ យ៉ាកុប បានជម្រាបជូនបន្ថែមថា ក្នុងអាណត្តិការងាររបស់លោក ក្នុងរយៈពេល ៥ ឆ្នាំ កន្លងទៅ, សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានបង្កើនទំហំវិនិយោគ ពីចំនួន ១៦៧.៥ លានដុល្លារអាម៉េរិក រហូតដល់ ៤៣៨.៥ លានដុល្លារអាម៉េរិក ដែលផ្តោតជារួមលើវិស័យហិរញ្ញវត្ថុ ។

ជាថ្មីម្តងទៀត លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ និងបានជូនពរលោក អាសាដ យ៉ាកុប ទទួលបានជោគជ័យថ្មីជាបន្តបន្ទាប់ទៀត ក្នុងភារកិច្ចដ៏ ឧត្តុង្គឧត្តមរបស់លោក នាអនាគត ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អ ឱ្យកាន់តែរឹងមាំ បន្ថែមទៀត ។ ដោយ កន ចំណាន