នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ជ្រិន បូឡី, លោក ឡា សាំងថង និងលោកស្រី ប៉ឹង កល្យាណ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងដីធ្លី ដោយជោគជ័យ។
សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាទិញលក់ដី តាំងពីឆ្នាំ ២០១៩ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ហើយនៅអំឡុងខែកក្កដា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ភាគីម្ខាងបានដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។