(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពី «សុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងការយល់ដឹងមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកប ដោយសុវត្ថិភាព»។ សិក្ខាសាលានេះ បានរៀបចំឡើងនៅសាលប្រជុំនៃសាលាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ជាវ វិជ្ជាក់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងលោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីស្ថាប័នអយ្យការអមសាលាដំបូង តំណាងកងកម្លាំងទាំងបីប្រភេទ តំណាងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត តំណាងក្រុមប្រឹក្សាស្រុក ឃុំ ម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងធុរជនលក់ស្រាស ស្រាថ្នាំក្នុងខេត្ត ចំនួន ២៤០នាក់។
ថ្លែងក្នុងមតិស្វាគមន៍ លោក ជាវ វិជ្ជាក់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការថ្លែងអំណរគុណដល់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលបានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាព្រឹកនេះ។ លោកក៏បានគូសបញ្ជាក់ថា កន្លងមក អគ្គនាយកដ្ឋាន ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់ទទួលបាននូវម្ហូបអាហារ ដែលមានគុណភាព សុវត្ថិភាព និងសុខុមាលភាពល្អ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានផ្ដល់កិច្ចសហការក្នុងការសម្របសម្រួល រៀបចំ និងផ្ដល់ទីតាំងដើម្បីរៀបចំសិក្ខាសាលានាព្រឹកនេះ។ ហើយនេះជាលើកទី១២ហើយ ដែលអគ្គនាយកដ្ឋាន ក.ប.ប. បានសហការរៀបចំជាមួយរដ្ឋបាលខេត្ត ក្នុងនោះរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ដែលយើងកំពុងរៀបចំនាព្រឹកនេះ។ លោកក៏បានបន្ថែមថា សូមឱ្យសិក្ខាកាមទាំងអស់ដែលបានអញ្ជើញចូលរួមទាំងអស់ សូមយកសិក្ខាសាលាផ្សព្វផ្សាយនេះជាវេទិកាពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ ដើម្បីឱ្យការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។
សិក្ខាសាលានេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាបការយល់ដឹងដល់ស្ថាប័នអនុវត្តច្បាប់ និងបងប្អូនអាជីវករផលិតស្រាស ស្រាថ្នាំឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស ចៀសវាងការបង្កឱ្យមានផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ដោយសារកន្លងមកអគ្គនាយកដ្ឋាន ក.ប.ប. បានសង្កេតឃើញថាមានករណីពុលស្រាស ស្រាថ្នាំជាច្រើនករណី នៅតាមបណ្ដាខេត្ត ហើយករណីខ្លះធ្វើឱ្យបាត់បង់អាយុជីវិតទៀតផង។