មកទល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានខេត្តចំនួន ១៥ ហើយដែលត្រូវបានប្រកាសថា ជាខេត្តគ្មានមីន ដោយគិតជាផ្ទៃដីមានចំនួន ៣,០២៤ គីឡូម៉ែត្រក្រឡា ។ នេះបើយោងតាមការបញ្ជាក់ពីសំណាក់លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងជាអនុប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពឆ្ពោះទៅកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន» ដោយបានរៀបចំនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីស្ដីការអាជ្ញាធរមីន កម្ពុជា។ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ខេត្តទាំង១៥ដែលបានប្រែក្លាយពីទឹកដីមីន ដែលពោរពេញដោយគ្រោះថ្នាក់ ហើយដាំដុះមិនបាននោះ បានប្រែក្លាយជាខេត្តទឹកដីមាស ដែលក្រោយពីអាជ្ញាធរមីន កម្ពុជាបានដោះមីនអស់ទៅ ហើយប្រជាពលរដ្ឋអាចមករស់នៅលើទឹកដីនោះដោយសុខសាន្ត ហើយប្រកបមុខរបរស្រែចំការនៅលើដីនេះ ដើម្បីចិញ្ចឹមជីវិត។
លោក លី ធុជ បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ បានបង្ហាញឱ្យឃើញពីភាពជោគជ័យ ក៏ដូចជាមោទកភាពមួយសម្រាប់កម្ពុជា ដែលធ្លាប់តែជាប្រទេសទទួលរងនូវការញ៉ាំញីដោយភ្លើងសង្គ្រាមស៊ីវិលរ៉ាំរ៉ាំ បន្សល់ទុកគ្រាប់ដែលមិនទាន់ផ្ទុះរាប់ម៉ឺនគ្រាប់ រហូតក្លាយជាប្រទេសមានសន្តិភាពពេញលេញ មិនតែប៉ុណ្ណោះព្រមទាំងក្លាយជាប្រទេសរដ្ឋភាគីរបស់អនុសញ្ញាអូតាវ៉ា ដែលជាអនុសញ្ញាសប្បុរសធម៌ជួយពិភពលោកឱ្យរួចផុតពីគ្រោះថ្នាក់ដោយសារមីន ថែមទៀផង ។
លោកបន្ថែមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាការប្រមូលផ្តុំនូវក្តីសង្ឃឹម ការប្តេជ្ញាចិត្តរួម និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជំរុញលើកទឹកចិត្តឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន និងគ្មានជនណាម្នាក់បន្តរងគ្រោះដោយសារមីនប្រឆាំងមនុស្ស។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន នឹងចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ៕
រូបថត-អត្ថបទ៖ ប៉ោ កុសល