សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សា ហ៊ុន សែន កំចាយមារ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច បានថ្លែងអំណរគុណយ៉ាងស្មោះដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង អប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តព្រៃវែង ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ ក្នុងការដាក់ចេញនូវផែនការ គោលនយោបាយ និងកម្មវិធីកំណែ ទម្រង់នានា និងជួយបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងធ្វើឱ្យសាលាមត្តេយ្យសិក្សា, បឋមសិក្សា, វិទ្យាល័យ និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នៃមជ្ឈមណ្ឌល អប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ បានដំណើរការបណ្តុះបណ្តាល សិស្សានុសិស្ស-និស្សិត តាំងពីពេលកកើតដំបូងរហូតមកដល់សព្វថ្ងៃនេះ។
ជាមួយគ្នានោះដែរ សម្តេច ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ គណៈកម្មការ សម្រាប់ចាត់ចែងការសាងសង់ និងកែលម្អអគារសិក្សា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ នានា នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក៏ដូចជា គណៈកម្មាធិការអនុវត្តគម្រោងមជ្ឈមណ្ឌល ដែលមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន ដែលបានខិតខំបរិច្ចាគ កម្លាំងកាយ បញ្ញា និងស្មារតី ដើម្បីដឹកនាំ និងគ្រប់គ្រងការងារនេះកន្លងមករហូត សម្រេចបានជាសមិទ្ធផលដ៏ស្រស់ស្អាត ទាំងមូលនៅថ្ងៃនេះគួរជាទីមោទនៈ។
សម្ដេច ក៏ថ្លែងអំណរគុណដោយស្មោះចំពោះបងប្អូនសប្បុរសជនទាំងអស់ ដែល បានចំណាយធនធានផ្ទាល់ខ្លួនដ៏ច្រើនចូលរួមជួយកសាងអគារសិក្សា និងហេដ្ឋារចនា សម្ព័ន្ធនានា ព្រមទាំងជួយបំពាក់ឧបករណ៍ សម្ភារៈសិក្សា ធ្វើឱ្យមជ្ឈមណ្ឌលនេះមានលទ្ធភាពក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស-និស្សិត និងមានការអភិវឌ្ឍជាបន្ត បន្ទាប់រហូតមកទល់ពេលនេះ។
សម្ដេច មានប្រសាសន៍បន្តថា នៅឆ្នាំ២០២២ សម្តេច បានផ្តួចផ្តើមនូវគំនិតថ្មីមួយទៀតក្នុងការបង្កើតមជ្ឈមណ្ឌល អប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នៅក្នុងទីតាំងតែមួយដើម្បីប្រមូលផ្តុំ សេវាកម្មអប់រំ និងបណ្តុះបណ្តាល ដែលមានទំនាក់ទំនងគ្នាចាប់តាំងពីកម្រិតមត្តេយ្យ សិក្សារហូតដល់ឧត្តមសិក្សា សំដៅ ផ្តល់ឱកាសសិក្សានិងភាពងាយស្រួលដល់កូន ចៅប្រជាជន និងមន្ត្រីរាជការនៅមូលដ្ឋានព្រមទាំង បង្កភាពងាយស្រួលក្នុងការអនុវត្ត កម្មវិធីសិក្សា (បន្សំគ្នាពីកម្រិតមួយទៅកម្រិតមួយទៀត)ប្រើប្រាស់ ធនធានមនុស្ស និង ធនធានរូបវន្ត និងហេដ្ឋារចនាសម្ព័ន្ធរួមគ្នា។ លើសពីនេះទៀត គឺដើម្បីបណ្តុះបណ្តាលសហគ្រិនភាពដល់យុវជនមូលដ្ឋាន ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាស ការងារ និងទីផ្សារផលិតផលក្នុងស្រុក។
គណៈកម្មាធិការអនុវត្តគម្រោង និងគណៈកម្មការសម្រាប់ចាត់ចែងការសាង សង់និងកែលម្អ អគារសិក្សា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌល ក៏ត្រូវបាន ប្រកាសសមាសភាពជាផ្លូវការកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតី ភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ បន្ទាប់ពីនោះមក គណៈកម្មការ សាងសង់បានចាត់ចែង និងដំណើរការសាងសង់ខ្លោង ទ្វារមជ្ឈមណ្ឌល ឈូសឆាយ ពង្រាបផ្លូវចូលពីខាងមុខ និងរៀបចំដំណើរការសាងសង់អគារសិក្សា ថ្មីសម្រាប់បម្រើ ឱ្យការបណ្តុះបណ្តាលកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា ដើម្បីដាក់ឱ្យដំណើរការ ជ្រើសរើសសិស្សចូលរៀនបានទាន់ពេលវេលា ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ហើយដែលក្នុងថ្ងៃនេះ យើងនឹងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារបឋមសិក្សា ហ៊ុន សែន កំចាយមារ។ លើសពីនេះ អគារថ្មីមួយទៀត គឺវិទ្យាស្ថានអភិវឌ្ឍ ន៍សហគ្រិនភាព និងបណ្តុះបណ្តាល ធុរកិច្ច (Entrepreneurship Development and Incubation Institute “EDII”) ក៏កំពុងចាប់ផ្តើមដំណើរការសាងសង់ផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តចផ្ទាល់។
សម្តេច មានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ និងអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែ ប្រសើរឡើង ដោយបានកសាងសាលារៀនជាច្រើនឱ្យទៅជិតកូនចៅប្រជាពលរដ្ឋនៅ មូលដ្ឋាន សំដៅកាត់បន្ថយគម្លាតនៃការអប់រំ និងចំណេះដឹងរវាងជនបទ និងទីក្រុង។ ហេតុដូច្នេះ សម្តេច បានផ្តួចផ្តើមគំនិតបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ សម្រាប់ដើរ តួនាទីកាន់តែសំខាន់ទៀតក្នុងការផ្តល់ឱកាស និងសេវាកម្ម អប់រំ សម្រាប់បំពេញតម្រូវការនៃធនធានមនុស្សនៅមូលដ្ឋាន និងប្រទេសជាតិ ដើម្បី ឆ្លើយតបទៅនឹងគោលនយោបាយ «រៀនពេញមួយជីវិត» របស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមពីវេទិកាអធិបតី ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចផ្ទាល់ បានផ្តល់ជាមតិផ្តាំផ្ញើលើចំណុចមួយចំនួន៖ រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡា រដ្ឋបាលស្រុក ត្រូវបន្តចូលរួមគាំទ្រ និងសម្របសម្រួលទាំងរដ្ឋបាល និងបច្ចេកទេសដល់ដំណើរការរៀន និងបង្រៀននៅ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងក្នុងខេត្ត និងស្រុករបស់ខ្លួន។ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ត្រូវយកចិត្ត ទុកដាក់បន្ថែមទៀតលើការគ្រប់គ្រងសាលារៀន ជាពិសេសការជួយទំនុកបម្រុង និង ការផ្តល់ឱកាសដល់កុមារ ជួបការលំបាក និងងាយរងគ្រោះបានចូលរៀន និងបន្តរៀន ជួយសិស្សរៀនយឺតឱ្យទទួលបាននូវការសិក្សាកាន់តែប្រសើរ។ ក្នុងនាមជាអ្នកផ្តល់ សេវាអប់រំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ត្រូវតែ បន្តអភិវឌ្ឍសមត្ថភាពជាប់ជា ប្រចាំតាមរយៈការចូលរួមសិក្ខាសាលា វគ្គបំប៉ននានា ដូចជា វគ្គបំប៉នស្តីពីការអនុវត្ត កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង និងការគ្រប់គ្រងសាលារៀន ជាដើម។ ជាមួយគ្នានេះ ឆ្លើយតបនឹងការវិវត្តិបច្ចេកវិទ្យាព័ត៌មាន ដើម្បីបម្រើការបង្រៀន និង រៀន និងការងាររដ្ឋបាលឱ្យកាន់តែល្អប្រសើរ ព្រមទាំងសមត្ថភាពភាសាបរទេស ជាពិសេស ភាសាអង់គ្លេស។ សូមខិតខំគោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវស្តង់ដាវិជ្ជាជីវៈ គ្រូបង្រៀន ដែលរួមមាន៖ ១) ចំណេះដឹងវិជ្ជាជីវៈ, ២) ការប្រតិបត្តិវិជ្ជាជីវៈ, ៣) ការ សិក្សាវិជ្ជាជីវៈ និង ៤) សីលធម៌វិជ្ជាជីវៈ។ មាតាបិតា អាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា, អត្តចរិត, សីលធម៌, សុជីវធម៌របស់កូនជាដើម។ បន្ថែមពីនេះ មាតាបិតា អ្នកអាណាព្យាបាល ត្រូវផ្គត់ផ្គង់សម្ភារៈសិក្សា, ទិញកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូងឱ្យកូនបានហ្វឹកហាត់នៅសាលា និងនៅផ្ទះ, ចូលរួមគាំទ្រជាសម្ភារៈ ថវិកាដល់ដំណើរការ បណ្ណាល័យក្នុងសាលារៀន, ការអភិវឌ្ឍសាលារៀន និងបន្តគាំទ្រគ្រូបង្រៀនជាដើម។ សូមឱ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ថែរក្សាអគារ សិក្សា និងសមិទ្ធផលនានា ដែលបាននឹងកំពុងកើតឡើងក្នុងមូលដ្ឋានឃុំស្មោងខាង ជើង ដើម្បីប្រើប្រាស់ បានយូរអង្វែង ដែលជាប្រយោជន៍យ៉ាងសំខាន់ដល់ការកសាង មូលធនមនុស្សនៅមូលដ្ឋានរបស់ខ្លួន៕