ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត កៅ ថាច បញ្ជាក់ថា ការចូលរួមសន្និបាតហិរញ្ញវត្ថុជាសកល ផ្តោតលើប្រធានបទ «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើន ប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព» នៅអាហ្វ្រិកខាងត្បូង

(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) បានដឹកនាំក្រុមការងារអញ្ជើញចូលរួម ក្នុងសន្និបាតហិរញ្ញវត្ថុជាសកលផ្តោតលើប្រធានបទ

«ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង។

ខាងក្រោមនេះជាកិច្ចសម្ភាសរបស់បណ្ឌិត កៅ ថាច ជាមួយបណ្តាញព័ត៌មាន Fresh News:

1: តើអ្វីទៅជាសន្និបាតហិរញ្ញវត្ថុជាសកល (Finance in Common Summit – FiCS)?

សន្និបាតហិរញ្ញវត្ថុជាសកល (FiCS) គឺជាការជួបជុំនៃថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាបណ្តាញសកល នៃបណ្តាធនាគារអភិវឌ្ឍន៍សាធារណៈ មកពីជុំវិញពិភពលោក ដើម្បីពិនិត្យ និងរៀបចំនូវលំហូរហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង សម្រាប់ការឈានទៅមុខលើការប្តេជ្ញាចិត្ត ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ សន្និបាតហិរញ្ញវត្ថុជាសកលនេះ ជាការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍សាធារណៈ ប្រមាណជាង ៥៣៣ ស្ថាប័ន មកពីជុំវិញពិភពលោក ដែលបានរួមចំណែកលើការវិនិយោគប្រមាណ ១០% នៃការវិនិយោគលើការអភិវឌ្ឍពិភពលោកសរុបជារៀងរាល់ឆ្នាំ។

2: តើសាវតានៃសន្និបាតហិរញ្ញវត្ថុជាសកល (FiCS) បង្តើតនៅពេលណា? មានគោលបំណងដើម្បីអ្វី?

នៅឆ្នាំ ២០២០ សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍, ក្លឹបហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ និងធនាគារអភិវឌ្ឍន៍ពហុភាគី គឺជាស្ថាបនិក FiCS។ គោលបំណងនៃ FiCS គឺដើម្បីប្រមូលផ្តុំធនាគារអភិវឌ្ឍន៍សាធារណៈមកពីជុំវិញពិភពលោក និងដៃគូអភិវឌ្ឍន៍នានា ក្នុងគោលបំណងចម្បងចំនួន ៣គឺ (១) ពង្រឹងភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍សាធារណៈ សំដៅឆ្ពោះទៅរកស្តង់ដាររួម និងការអនុវត្តល្អបំផុត, (២) គាំទ្រដល់ការប្តេជ្ញាចិត្តរបស់ធនាគារអភិវឌ្ឍន៍សាធារណៈក្នុងការរៀបចំយុទ្ធសាស្ត្ររបស់ពួកគេឱ្យងាកទៅរកទិដ្ឋភាពនិរន្តរភាព និង (៣) រួមកម្លាំង និងពង្រឹងធនាគារអភិវឌ្ឍន៍សាធារណៈ ក្នុងការចូលរួមកិច្ចសន្ទនាគោលនយោបាយជាសកល ដើម្បីពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ គាំទ្រដល់ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

FiCS បានប្រព្រឹត្តទៅចំនួនបួនលើក រួចមកហើយគឺ លើកទី១ ទីក្រុងប៉ារីស ប្រទេសបារាំង នាឆ្នាំ២០២០, លើកទី២ ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នាឆ្នាំ២០២១, លើកទី៣ នៅក្រុងអាប៊ីហ្សង់ ប្រទេសកូតឌីវ័រ នាឆ្នាំ២០២២ និងលើកទី៤ ទីក្រុង កាតាហ្សេណា ប្រទេសកូឡំប៊ី នាឆ្នាំ២០២៣។ ដោយឡែក នៅក្នុងឆ្នាំ ២០២៥ ជាកិច្ចប្រជុំ លើកទី៥ នឹងប្រព្រឹត្តទៅនៅទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង។

3: តើសន្និបាតហិរញ្ញវត្ថុជាសកល (FiCS) ឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅនៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ផ្តោតសំខាន់លើប្រធានបទអ្វីជាចម្បង?

FiCS ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៨ ខែកុម្ភៈ នៅទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ក្រោមកិច្ចសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដោយមានការគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ។ FiCS ២០២៥ គឺប្រព្រឹត្តទៅស្របពេលជាមួយដែលសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ក៏ធ្វើជាប្រធានសន្និបាតរបស់បណ្ដារដ្ឋាភិបាលនៃប្រទេសសេដ្ឋកិច្ចជឿនលឿនធំៗពី ប្រទេសចំនួន ២០ នៅលើពិភពលោក ដែលហៅកាត់ថា G20។

ស្របពេលដែលសាធារណរដ្ឋអាហ្វ្រិកខាងត្បូងធ្វើជាប្រធានសន្និបាត G20, សន្និបាតហិរញ្ញវត្ថុជាសាកល (FiCS) ឆ្នាំ២០២៥នេះផ្តោតលើប្រធានបទស្តីពី «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញ-វត្ថុសម្រាប់កំណើនប្រកបដោយសមធម៌, បរិយាប័ន្ន, និងចីរភាព (Fostering Infrastructure and Finance for Just and Sustainable Growth)»។

សន្និបាតនេះនឹងពិនិត្យលើបញ្ហាប្រឈមសំខាន់ៗតាមរយៈសសរស្តម្ភចំនួនបី រួមមាន៖ ទី១. បរិយាប័ន្នហិរញ្ញវត្ថុ សំដៅដល់ការលើកកម្ពស់កំណើនប្រកបដោយចីរភាព, និងការកាត់បន្ថយវិសមភាព តាមរយៈគំរូហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍, ទី២. បរិវត្តកម្មឌីជីថល (Digital Transformation) សំដៅដល់ការបែងចែកឌីជីថលឱ្យមានលក្ខណៈសមធម៌ និងបរិយាប័ន្ន ដើម្បីធានាថាគ្មានអ្នកណាម្នាក់ត្រូវបានគេទុកចោល, និង ទី៣. ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសម្រាប់សកម្មភាពអាកាសធាតុ សំដៅដល់ការបង្កើនភាពធន់ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

4: ហេតុអ្វីបានជាធនាគារ ARDB ចូលរួមក្នុងសន្និបាតហិរញ្ញវត្ថុជាសកលនេះ ថាតើនាំផលប្រយោជន៍អ្វីខ្លះដល់ធនាគារARDB ក៏ដូចជាប្រទេសកម្ពុជាយើង?

តបតាមការអញ្ជើញពីធនាគារអភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង, ខ្ញុំនឹងចូលរួមសន្និបាតហិរញ្ញវត្ថុជាសកលក្នុងនាមធនាគារ ARDB ជាធនាគារអភិវឌ្ឍន៍ផង និងក្នុងនាមខ្ញុំផ្ទាល់ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ផង។ ហេតុដូចនេះ ខ្ញុំត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនក្នុងនាមធនាគារ ARDB ផ្តោតលើកិច្ចពិភាក្សាស្តីពី ßប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព, បញ្ហាប្រឈមជាសកល៖ តួនាទីជាចលកររបស់ធនាគារអភិវឌ្ឍន៍សាធារណៈជាតិ (Sustainable Food Systems, Global Challenges: The Catalytic Role of National PDBs)à។ តាមរយៈវេទិកានេះជាឱកាសដែលខ្ញុំនឹងផ្សព្វផ្សាយជូនអង្គសន្និបាតហិរញ្ញវត្ថុសកល អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។

ជាពិសេសក្រសួងបរិស្ថានដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលបានគាំទ្រកិច្ចខិតខំប្រឹងប្រែង ជាសកលប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្រ្តបញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ ភាគរយ នៅឆ្នាំ២០៥០។

ជាសក្ខីភាព ព្រះរាជាណាចក្រកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានចូលរួមអនុម័តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ, បានរៀបចំផែនការរួមចំណែករបស់ជាតិ (Nationally Determined Contributions-NDCs) ដើម្បីកំណត់គោលដៅសម្រាប់គាំទ្រ ដល់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានប្រមាណ ៤១,៧% និងការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

មួយវិញទៀត ការរួមចំណែកនៃវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារដូចជាតាមរយៈការបោះផ្សាយនូវសញ្ញាបណ្ណចីរភាពជាដើម។ បន្ថែមលើនេះទៀត វិស័យធនាគារនៅកម្ពុជាដោយមានធនាគារជាតិនៃកម្ពុជាជានិយត័ករបានយកចិត្តទុកដាក់ខ្ពស់លើបរិស្ថាន សង្គម និងអភិបាលកិច្ច ជាពិសេសបានគាំទ្រលើការដាក់ឱ្យអនុវត្តនូវ គោលការណ៍ស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាពកម្ពុជា។ ដោយឡែក ការរួមចំណែករបស់ធនាគារ ARDB តាមរយៈការអនុវត្តគម្រោងដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានប្រកបដោយចីរភាព ដូចជា ឥណទានបៃតងជាដើម។

5: ដោយឯកឧត្តមនឹងចូលរួមសន្និបាតហិរញ្ញវត្ថុសកលនេះ ក្នុងឋានៈជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ផងដែរ ថាតើឯកឧត្តមនឹងនាំផលប្រយោជន៍អ្វីខ្លះដល់សមាគម ADFIAP?

ដូចដែលបានបញ្ជាក់ជូនខាងលើ ខ្ញុំនឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល (Board of Governors of World Federation of Development Finance Institutions) ក្នុងឋានៈជាប្រធានសមាគម ADFIAP ដែលជាមាជិកនៃសហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ តំណាងពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ មួយវិញទៀត ខ្ញុំក្នុងឋានៈជាប្រធានសមាគមគ្រោងនឹងមានកិច្ចប្រជុំពិភាក្សាជាច្រើនជាមួយដៃគូអភិវឌ្ឍន៍ដូចជា AFD, IFAD និងធនាគារអភិវឌ្ឍន៍ផ្សេងៗទៀត។ ស្របពេលនៃសន្និបាត G20 ជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ទាក់ទងនឹងសេដ្ឋកិច្ចពិភពលោក ដូចជា ស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ, ការដោះស្រាយបញ្ហាការប្រែប្រួលអាកាធាតុ, និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាដើម។ បន្ថែមពីលើនេះ ខ្ញុំត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនបន្ថែមមួយទៀតក្នុងនាមខ្ញុំផ្ទាល់ជាប្រធានសមាគម ADFIAP លើប្រធានបទ «ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ (Greening Financial System: Unlocking Capital for Climate and Development)»។

តាមគម្រោងនៃកិច្ចពិភាក្សានេះ គឺមានសហប្រធានដឹកនាំកិច្ចពិភាក្សាដោយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសប្រេស៊ីល និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសឥណ្ឌូនេស៊ី។ ខ្ញុំគ្រោងនឹងលើកអំពីកិច្ចខិតខំរបស់ ADFIAP ក្នុងការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតមកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ មួយវិញទៀត កាលានុវត្តភាពនៃការវិនិយោគប្រកបដោយចីរភាព និងការសិក្សាសមិទ្ធិលទ្ធភាព នៃកិច្ចសហប្រតិបត្តិការនានា លើគម្រោងហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ពិភពលោក និងតំបន់អាស៊ី-ប៉ាស៊ីហ្វិកកាន់តែមានភាពបៃតង៕


អត្ថបទដកស្រង់ពី Fresh New