នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ លោក ប៉ុល សុផា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពីការលើកកម្ពស់ផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាព ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា និងវៀតណាម នៅសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកៅស៊ូ អង្គកាOXFAM អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ក្រុមហ៊ុនវិនិយោគលើដំណាំកៅស៊ូ និងសហគមន៍កៅស៊ូគ្រួសារ ដែលមានអ្នកចូលរួមសរុបចំនួន១២៣នាក់។
បើតាម អនុរដ្ឋលេខាធិការ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ១.ផ្តល់ការយល់ដឹងកាន់តែប្រសើរឡើងអំពីផលិតកម្ម និងការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើកៅស៊ូក្នុងប្រទេសនីមួយៗ ២.ការផ្ដល់ព័ត៌មានដល់គ្រប់ភាគីពាក់ព័ន្ធនៃភាគីទាំងពីរ អំពីខ្សែច្រវាក់ផ្គត់ផ្គង់បច្ចុប្បន្នរវាងប្រទេសកម្ពុជានិងវៀតណាម រួមមានទិដ្ឋភាពច្បាប់ និងនិរន្តរភាព នៃខ្សែច្រវាក់នៃអនុវិស័យនេះ ៣. ពិភាក្សាអំពីហានិភ័យផ្នែកច្បាប់/និរន្តរភាពដែលទាក់ទងនឹងផលិតកម្ម ការធ្វើពាណិជ្ជកម្ម និងការវិនិយោគកៅស៊ូក្នុងប្រទេសនីមួយៗ និងទី៤. បង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីសម្រួលដល់ផលិតកម្ម ឱ្យមានភាពស្របច្បាប់ និងមាននិរន្តរភាព នៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
នៅចំពោះមុខអង្គពិធី អនុរដ្ឋលេខាធិការ ក៏បានផ្ដល់យោបល់ឱ្យអង្គពិធី ចែករំលែកបទពិសោធន៍ បញ្ចេញមតិយោបល់ លើប្រធានបទនានាទៅតាមរបៀបវារៈដែលបានគ្រោងទុក និងស្នើឱ្យយកចិត្តទុកដាក់បន្ថែម ក្នុងការពិភាក្សារិះរកវិធីសាស្រ្តឬវិធានការសមស្រប ដើម្បីដោះស្រាយបញ្ហាប្រឈមចម្បងៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមួយបានល្អនិងគ្រប់ជ្រុងជ្រោយ ជាពិសេសការធ្វើសុក្រិត្យភាពស្ថិតិកៅស៊ូពីគ្រប់ផ្នែកឱ្យបានកាន់តែត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា និងការអនុវត្តន៍អនុលោមភាពតាមគោលការរបស់សហគមនអ៊ឺរ៉ុប ស្តីពី EU-DR (European Union Deforestation Regulation)។
ជាមួយគ្នានេះ ត្រូវជំរុញលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ តាមរយៈការបង្កើតប្រព័ន្ធផ្សព្វផ្សាយកសិកម្មវៃឆ្លាត និងការពង្រីកសេវាកម្មព័ត៌មានបច្ចេកទេសបែបឌីជីថល ឱ្យបានទូលំទូលាយ ដល់មន្ត្រីកៅស៊ូគ្រប់លំដាប់ថ្នាក់ ឱ្យមានបច្ចេកទេសជំនាញ និងការគ្រប់គ្រងឱ្យកាន់តែប្រសើរឡើង។
ជាទីបញ្ចប់ លោក បានស្នើឱ្យគ្រប់ធុរកិច្ចជន ជាពិសេសដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដែលបាននិងកំពុងធ្វើសកម្មភាពគាំទ្រដល់អនុវិស័យកៅស៊ូ ត្រូវបន្តគាំទ្រដល់កសិករកៅស៊ូគ្រួសារ រួមទាំងសហគមន៍កសិកម្មកៅស៊ូគ្រួសារទាំងនោះបន្ថែមទៀត ដើម្បីប្រែក្លាយទៅជាសហគមន៍កសិកម្មទំនើប ស្របទៅនឹងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕