ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បើកកិច្ចប្រជុំជាមួយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និង FASMEC

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) ដែលដឹកនាំដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល។

ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យបានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និង FASMEC ដែលបានមកជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាពិសេសសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និង ជំរុញការអភិវឌ្ឍក្នុងខេត្តទាំងបួននៅភូមិភាគឦសាន។ បណ្ឌិតសភាចារ្យបានគូសបញ្ជាក់អំពីតួនាទីរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលជា «ច្រកចេញចូលតែមួយ» ក្នុងការទទួលពាក្យស្នើពីវិស័យឯកជន ពិនិត្យវាយតម្លៃ និងផ្តល់គោលការណ៍លើកទឹកចិត្តជូនវិស័យឯកជន ព្រមទាំងផ្តល់ការប្រឹក្សាយោបល់អំពីកម្មវិធីពិសេស ដោះស្រាយផលលំបាក និងសំណូមពរជាក់ស្តែងផ្សេងៗរបស់ម្ចាស់គម្រោងបន្ថែមលើវិធានការដែលមានចែងស្រាប់ក្នុងកម្មវិធីពិសេស ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយ និង ការអនុវត្តការងាររួមគ្នាជាកញ្ចប់ ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅធានាប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តការងារ។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី៥ឆ្នាំ នៃការបង្កើតសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជា ក្នុងការជួយស្តារ និងទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ឱ្យមានភាពល្អប្រសើរឡើងវិញក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី ក្នុងនីតិកាលទី៦នៃរដ្ឋសភាកន្លងមក។

ជាមួយគ្នានេះដែរ ឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅខេត្តទាំងបួននៅភូមិភាគឦសាន ព្រមទាំងចូលរួមចំណែកផ្សព្វផ្សាយអំពី “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន” និងគ្រោងស្នើបង្កើត SME Cluster នៅតាមបណ្តាខេត្តទាំងបួន ក្នុងគោលដៅធ្វើការផលិត និង កែច្នៃផលិតផលក្នុងស្រុកឱ្យក្លាយទៅជាផលិតផលសម្រេច ដើម្បីជំរុញការប្រើប្រាស់លើទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ បណ្ឌិតសភាចារ្យបានស្នើឱ្យសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងFASMEC បន្តសហការជិតស្និទ្ធជាមួយលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ប្រកបដោយស្មារតីបុរេសកម្ម ដើម្បីសិក្សាស៊ីជម្រៅអំពីទីតាំងសក្តានុពល កាលានុវត្តភាពវិនិយោគ និង ដំណោះស្រាយបញ្ហានានា សម្រាប់ជាមូលដ្ឋានផ្តល់ព័ត៌មាន រួមទាំងចូលរួមផ្សព្វផ្សាយទៅកាន់វិនិយោគិនក្នុងស្រុក និងបរទេស។

បណ្ឌិតសភាចារ្យបានផ្តល់អនុសាសន៍ណែនាំលេខាធិការដ្ឋានក្រុមការងារឱ្យសម្របសម្រួលជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង៤ ក្នុងផ្តល់ព័ត៌មានជូនសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងFASMEC ព្រមទាំងវិនិយោគិនផ្សេងទៀត ដែលមានចំណាប់អារម្មណ៍លើការវិនិយោគនៅភូមិភាគឦសាន។​

សូមបញ្ជាក់ថា “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន” ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សំដៅជំរុញការអភិវឌ្ឍវិស័យអាទិភាពចំនួន៣ គឺ កសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ដែលស្របតាមទាយជ្ជទានដែលមានស្រាប់របស់ខេត្តទាំងបួន ដែលគួរជំរុញការវិនិយោគបន្ថែម ដោយមានការគាំទ្រយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាល ហើយកម្មវិធីពិសេសនេះបានបញ្ជាក់យ៉ាងច្បាស់នូវការលើកទឹកចិត្តដ៏ច្រើនដែលរាជរដ្ឋាភិបាលអាចផ្តល់ជូនវិស័យឯកជន ហើយក៏មានការគិតគូរពីការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជនផងដែរ៕ អត្ថបទ៖ AKP