ស្វាយរៀងៈ អង្គភាពប្រឆាំងអំពើពុករលួយដែលមាន ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យិនទៀង ជាប្រធានអង្គភាព និងលោកជំទាវ សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ គួរមានការស៊ើបអង្កេតលើករណី «គម្រោងដេញថ្លៃសាងសង់ស្ថានីយចម្រោះទឹកកខ្វក់មានតម្លៃប្រហែល៣០លានដុល្លារដែលផ្តល់ឱ្យក្រុមហ៊ុន BUCG វិញគម្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ស្ថិតនៅ ក្រុងបាវិត ខែត្រស្វាយរៀង ក្រោមឥណទានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅថា អេឌីប៊ី ( ADB ) ដែលមានលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនជានាយកគម្រោង។
ការស្នើសុំឲ្យមានការស៊ើបអង្កេតនេះធ្វើឡើងខណៈដែលថ្មីៗនេះមានក្រុមហ៊ុនមួយចំនួនដែលបរាជ័យក្នុងការចេញថ្លៃបានទម្លាយប្រាប់ ដេលីខ្មែរថា កន្លងទៅក្រុមហ៊ុនចិនមួយ បានចូលរួមដេញថ្លៃគម្រោងខាងលើដែរ ប៉ុន្តែបរាជ័យ ដោយសារតែគ្មានខ្នងបង្អែករឹងមាំនិងបក្សពួកជួយសម្រួល ទើបបរាជ័យ ដោយសារតែការដេញថ្លៃផ្តាច់មុខ ការដេញថ្លៃក្រុមហ៊ុនជាប់មុខដដែលៗ ទើបដេញមិនឈ្នះ ក្រុមហ៊ុន BUCG) ដែលមានលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនជានាយកគម្រោង។
យោងតាមប្រភពព័ត៌មានពីក្រុមហ៊ុនចិនលើកឡើងថា លទ្ធផល នៃការដេញថ្លៃថ្មីៗនេះ សម្រាប់គម្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ បណ្តាញលូទឹកកខ្វក់ និងទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងលើ តម្លាភាព និងនិរន្តភាព នៅក្នុង វិស័យសំណង់។ ភ័ស្តុតាង ដែលគេទទួលបានដោយការបោះពុម្ភផ្សាយមួយបានបង្ហាញថា កិច្ចសន្យា ដែលមានតម្លៃប្រហែល៣០លានដុល្លារអាម៉េរិក ត្រូវបានផ្តល់ទៅឱ្យ ក្រុមហ៊ុន BUCG ដែលមិនមែនជាក្រុមហ៊ុនដែលមានតម្លៃថោកជាងគេ ដោយគ្មានហេតុផលគ្រប់ជ្រុងជ្រោយ និងតម្លាភាពនោះឡើយ។
លើសពីនេះប្រភពពីមន្រ្តីជំនាញនិងក្រុមហ៊ុនចេញថ្លៃបានបង្ហើបទៀតថា ឥឡូវកាន់តែមានភាពងឿងឆ្ងល់លើសពីនេះ ក្រុមហ៊ុនBUCG បានចេញសេចក្តីប្រកាសព័ត៌មានដដែលៗថា« អបអរសាទរ »លើជ័យជម្នះរបស់ខ្លួនក្នុងរយៈពេលមួយខែមុនពេលការប្រកាសជូនដំណឹងជាផ្លូវការ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ជុំវិញករណីខាងលើនេះមានការសង្ស័យថា អាចបណ្កាលមកពីកំហុសដែលអាចកើតមានក្នុងដំណើរការដេញថ្លៃ និងវាយតម្លៃហើយ តាមគោលការលទ្ធកម្មសាធារណៈ និងឯកសារដេញថ្លៃរបស់គម្រោង កិច្ចសន្យាគួរតែត្រូវបានប្រគល់ជូន ” អ្នកដេញថ្លៃតម្លៃទាបបំផុត “។
ប្រភពព័ត៌មានពីក្រុមហ៊ុនចិនដែលសុំមិនបញ្ចេញឈ្មោះបង្ហើបថា
ប្រសិនបើមានការព្រួយបារម្ភអំពីអ្នកដេញថ្លៃតម្លៃទាបគឺ ម្ចាស់គម្រោង (នាយកគម្រោង) ត្រូវស្នើសុំការបំភ្លឺជា លាយលក្ខណ៍អក្សរ។
ក្រុមហ៊ុនដេញថ្លៃខាងលើលើកឡើងថា ចាប់តាំងពីការដាក់ស្នើនៅ ខែតុលា ឆ្នាំ២០២៤ ដល់ការបដិសេធនា ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន មិនដែលបានទទួលការសាកសួរពីភាគីម្ចាស់គម្រោងនោះឡើយ ។ ផ្ទុយទៅវិញបែរ ក្រុមហ៊ុនដេញថ្លៃឈ្មោះ BUCG ដែលមិនមែនជាក្រុមហ៊ុនអាទិភាពតម្លៃទាបបំផុតបានឈ្នះដោយគ្មានការពន្យល់ជាក់លាក់ណាមួយឡើយ។
យោងតាម ក្រុមហ៊ុនដេញថ្លៃអន្តរជាតិមួយបញ្ជាក់ថា តើមានស្តង់ដារ សម្រាប់តម្លាភាពក្នុងការវាយតម្លៃការដេញថ្លៃមានឬអត់នោះទេ តើមានចន្លោះប្រហោងក្នុងដំណើរការដេញថ្លៃក្នុងការវាយតម្លៃដែរឬទេ ថា តើ គណៈកម្មការត្រួតពិនិត្យការងារលទ្ធកម្ម របស់គម្រោង និងធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) មានភាពច្បាស់លាស់ក្នុងការវាយតម្លៃដែរឬទេ។
ចំណែក” អំណាចនៃការយល់ដឹង “របស់ក្រុមហ៊ុន BUCG ការស៊ើបអង្កេតរបស់យើងបានរកឃើញថា ក្រុមហ៊ុនប៉េកាំង អបាន ខនស្ត្រាក់សិន គ្រុប ( Beijing Urban Construction Group Co., Ltd ) ហៅកាត់ថា BUCG បានចេញសេចក្តីប្រកាសព័ត៌មាន ” ការដេញថ្លៃដោយជោគជ័យ ” នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន និងនៅក្នុង សារព័ត៌មានពាណិជ្ជកម្ម នៅដើម ខែកុម្ភៈ ឆ្នាំ២០២៥ (ពោលគឺ ច្រើនជាងមួយខែមុនពេលការជូនដំណឹងជាផ្លូវការ) ។
សេចក្តីប្រកាសព័ត៌មាន ឈ្នះៗស្រដៀងគ្នាជាបន្តបន្ទាប់ត្រូវបានចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បន្ថែមទៀត។ អ្នកជំនាញបច្ចេកទេសលទ្ធកម្មម្នាក់បានធ្វើការអត្ថាធិប្បាយថា នេះជាការបំពានយ៉ាងធ្ងន់ធ្ងរលើ ក្រមសីលធម៌ នៃលទ្ធកម្ម។
ដោយឡែក គោលការណ៍រក្សាការសម្ងាត់លើ ការងារវាយតម្លៃលទ្ធកម្ម ត្រូវមានភាពតឹងរឹង និងសម្ងាត់បំផុត មុនពេលលទ្ធផលចេញជាផ្លូវការត្រូវបាន ផ្សព្វផ្សាយជាសាធារណ: ហើយវាមិនអាចទៅរួចដែល ក្រុមហ៊ុនដេញថ្លៃមួយនេះអាចដឹងពីលទ្ធផលមុននោះទេលុះត្រាតែមានការលេចធ្លាយព័ត៌មាន ឬការគប់គិតគ្នាជាមុន ជាមួយមន្ត្រីជាន់ខ្ពស់ក្នុងគម្រោងនេះ ឬនាយកគម្រោងផ្ទាល់ក៏អាចថាបានដែរ។
ទីប្រឹក្សាបច្ចេកទេសលទ្ធកម្មម្នាក់បានអះអាងថា នេះជាការចងមុងដេញថ្លៃ ដែលមិនបើកឱកាសឲ្យមានការប្រកួតប្រជែងជាក់លាក់ និងចំហជាសាធារណ: ដោយសារក្រុមហ៊ុនមិនបានទទួលយកព័ត៌មាន ឬការបំភ្លឺណាមួយពី គម្រោង និងខុសទៅនឹងនីតិវិធីលទ្ធកម្ម ដែលបិទមិនឲ្យមានបណ្តឹងតវ៉ានៅក្នុងឯកសារដេញថ្លៃ។ តើចាំបាច់មានសៀវភៅណែនាំពី លទ្ធកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ( PROCUREMENT REGULATIONS FOR ADB BORROWERS) ធ្វើអ្វី។
លើសពីនេះ អ្នកម៉ៅការអន្តរជាតិមួយចំនួនបានបង្ហាញពីការព្រួយបារម្ភរបស់ពួកគេដែលមានបំណងចង់ផ្តល់ថា បច្ចេកវិទ្យាល្អបំផុតជាមួយនឹងតម្លៃទាបបំផុត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា តែបែរជាបុគ្គលមួយចំនួនតូចយកផលប្រយោជន៍ផ្ទាល់ខ្លួនជាធំតាមរយ:ការទទួលលុយកខ្វក់ដើម្បីផ្តល់កិច្ចសន្យាសាងសង់ដោយមិនគិតពី តម្លាភាព និងនិរន្តភាព។ ប្រភពព័ត៌មាន បានមកព័ត៌មានជាសាធារណៈ និងច្រើនប្រភពនឹងរង់ចាំការបំភ្លឺពី គ្រប់ភាគីពាក់ព័ន្ធដែលអាចទទួលយកបាន។
ទោះបែបនេះក្តីនៅល្ងាចថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៥នេះ អង្គភាពសារព័ត៌មាន ដេលីខ្មែរ មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ទៅ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជានាយកគម្រោង និងក្រុមហ៊ុនប៉េកាំង អបាន ខនស្ត្រាក់សិន គ្រុប ( Beijing Urban Construction Group Co., Ltd ) ហៅកាត់ថា BUCG ។
រយៈពេល៥ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន BUCG បានឈ្នះការដេញថ្លៃជាច្រើនដងសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធពី នាយកគម្រោង ខាងលើនេះ។ បើកើតមានឡើងករណីវិវាទយ៉ាងដូច្នេះគឺមានតែ អធិការកិច្ច ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះធ្វើសវនកម្មផ្ទៃក្នុង ដើម្បីរកភាពយុត្តិធម៌ជូន ក្រុមហ៊ុននានាដែលបានចូលរួមដេញថ្លៃ៕