ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

កណ្តាល: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅថ្ងៃទី១៧ ខែឧសភានេះបានអញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ។
នៅក្នុងពិធីអបអរសាទរនៃការបើកការប្រគួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រចាំស្រុកខ្សាច់កណ្តាលឆ្នាំ២០២៥ គឺ ជាលើកទី៦ហើយ ដែលកម្មវិធីថ្ងៃនេះ មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល លោកប្រធាន និងសមាជិកក្រុម ប្រឹក្សាស្រុក គណៈអភិបាលស្រុក គណៈកម្មការរៀបចំការប្រកួត ក្រុមគ្រូពេទ្យ កងកម្លាំងការពារ  និងសមាជិកក្រុមការងារចលនាយុវជនស្រុក ឃុំ ភូមិ គ្រូបង្វឹក ដឹកនាំក្រុមកីឡាករ និងក្រុមកីឡាករបាល់ទាត់ទាំង ១២ឃុំ សរុបចំនួន ៤៩៦នាក់។
បន្ទាប់ពីលើកឡើងជារបាយការណ៍របស់លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាលរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល ដែលបានរៀបចំការប្រគួតកីឡាបាល់ទាត់ពានរង្វាន់ឡើងផងដែរ។

នៅក្នុងឱកាស ពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ចាត់ទុកថា កម្មវិធីនេះគឺ តែងតែមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាពិសេស
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្ទាល់ ដោយប្រារព្ធជារៀងរាល់ឆ្នាំ ការលេងកីឡានិងការប្រកួតថ្ងៃនេះ បង្ហាញពីសាមគ្គីគ្នា ការស្គាល់គ្នា បង្កើតមិត្តភាពនៅក្នុងស្រុកភូមិយើងទាំងអស់គ្នា សម្រាប់បង្កើនការអភិវឌ្ឍន៍ខ្លួនផង ទាំងរៀងកាយ បញ្ញា ស្មារតីឲ្យភ្លឺថ្លា កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនប្អូនៗជាកីឡាករ កីឡាការិនី ក្នុងឱកាសនោះថា  សកម្មភាព ការលេងកីឡា ការធ្វើលំហាត់ប្រាណ និងធ្វើចលនាផ្សេងៗជាដើម ស្ថិតក្នុងគោលដៅមួយផងដែរ របស់ រាជរដ្ឋាភិបាល គឺ កីឡារស់នៅក្នុងសន្តិភាពដែលមានន័យថា ស្រុកយើងមានសន្តិភាពហើយ ទើបយើងត្រូវគិតគូពីសុខភាពរបស់ ប្រជាពលរដ្ឋយើងឲ្យមានសុខភាពល្អ មានបញ្ញាញ្ញាណកាន់តែប្រសើរ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិយើង។

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ក្នុងនាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលបានមានប្រសាសន៍ផ្តាំផ្ញើដល់យុវជននៅក្នុងស្រុកខ្សាច់កណ្តាល បន្តនាំគ្នាលេងកីឡាប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើជាគំរូក្នុងស្រុក ភូមិយើង ដែលបង្ហាញពីសាមគ្គីភាព និងមិត្តភាព ដើម្បីកាត់បន្ថយអំពីហឹង្សាឲ្យខានតែបាននៅក្នុងសង្គម។

ទន្ទឹមនោះឯកឧត្តមបណ្ឌិតប្រតិភូបានរំលឹកថា ការលេងកីឡាថ្ងៃនេះបង្ហាញថា  ការលេងកីឡានៅឃុំ និងស្រុកខ្សាច់កណ្តាលយើងនេះ មិនត្រឹមតែដើម្បីសុខភាព និងភាពឆ្លាតវៃខាងបញ្ញានោះទេគឺ  ដើម្បីការពារកេរ្តិ៍ឈ្មោះ និងកិត្តិយសស្រុកភូមិយើងជាមួយសន្តិភាពតែម្តងពោល សុខភាព ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវអារម្មណ៍ ដែលសក្តិសម និងសន្តិភាព ដែលរកបានដោយកម្រជាស្នាដៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដូច្នេះ យុវជនយើងមានកាតព្វកិច្ចធំ មួយគឺ ត្រូវតែថែរក្សាសុខសន្តិភាព នេះឲ្យបានគង់វង្សយូរអង្វែងតរៀងទៅ។