ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញស្ថិតនៅផ្លូវលេខ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បង្រ្កាបមិនបានប៉ុន្មានផង ឥឡូវស្រាប់តែបើកដំណើរការឡើងវិញ ដោយឡែកអភិបាលខណ្ឌចំការមនមិនមានវិធានការទាល់តែសោះ។
ទីតាំងមួយកន្លែងសង្ស័យបង្កប់លេងល្បែងស៊ីសងខុសច្បាប់”កត់បាល់” តាមប្រព័ន្ធអនឡាញមានអ្នកចេញចូលលេងយ៉ាងគគ្រឹក គគ្រេងខណៈដែលសមត្ថកិច្ចខណ្ឌចំការមន ចុះអើតឡឺមៗជាច្រើនលើកច្រើនសារនៅតែមិនអាចមានទំងន់ឬមន្ត្រីទាំងនោះអសមត្ថិភាព ទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ និង កត់បាល់ខាងលើស្ថិតនៅតាមបណ្ដោយផ្លូវ ៤៧៤ នៅទល់មុខ”ការ៉ាស់សាំង”Ptt”ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
កាលពីកន្លងទៅនៅវេលាម៉ោង ០៥ល្ងាច ថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២៥នេះ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងលោកវរៈសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការបង្រ្កាបនោះដែរ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៣៣ នាក់និងដកហូតវត្ថុតាងពាក់ព័ន្ធនឹងការបើកល្បែងស៊ីសងមួយ ចំនួនព្រមទាំងម៉ូតូ៣៣ គ្រឿងផងដែរ។
បច្ចុប្បន្នមនុស្សប្រុសស្រីចំនួន ៣៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។បើយោងតាមការផ្សព្វ ផ្សាយនៃអង្គភាពអ្នកសារព័ត៌មានក្នុងស្រុកជាច្រើន ពីឥទ្ធពលរបស់ម្ចាស់ទីតាំងដុះស្លែមួយកន្លែងនេះ អាចបញ្ជាក់ពីភាពអស្ចារ្យហើយអសកម្មរបស់មន្ត្រីប្រចាំតំបន់។
លោក គៀង ល័ក្ខ អភិបាល ខណ្ឌចំការមន និង លោក យិន សាន អតីត អធិការខណ្ឌចំការមន មកបច្ចុប្បន្នលោក ហួរ ម៉េងហួន អធិការខណ្ឌចំការមន ទើបកាន់តំណែងថ្មីយល់យ៉ាងណាវិញ ចំពោះបទល្មើសល្បែងស៊ីសង រីកដូចផ្សិត ដែលស្ថិតនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ដោយ ម្ចាស់ទីតាំងខាងលើ កំពុងផ្គើនឬមួយលេងល្បែងប្រជាប្រិយ៍ជា មួយមន្ត្រីមានសមត្ថិកិច្ច ។
ដោយឡែក ពលរដ្ឋស្នើដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមេត្តាបញ្ចេញកណ្តាប់ដៃដែកបំបែកល្បែងខុសច្បាប់មួយកន្លែងនេះនិងចាប់ម្ចាស់ទីតាំងមកផ្តន្ទាទោសតាមច្បាប់ផងទាន។
ពាក់ព័ន្ធព័ត៌មានខាងលើអង្គភាព ដេលីខ្មែរ
មិនអាចសុំការបំភ្លឺបានទេ ទៅ លោក គៀង ល័ក្ខ អភិបាល ខណ្ឌចំការមន ហើយករណីនេះគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងរង់ចាំនូវការពន្យល់បកស្រាយពីគ្រប់ស្ថាប័នពាក់ព័ន្ធ រាល់ម៉ោងធ្វើការផងដែរ។
បើយោងតាម អនុសាសន៍ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ដល់អភិបាលរាជធានី ខេត្ត ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេសគ្មានការលើកលែង។បើយោងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ ចេញដោយក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិអាចអនុវត្តបានដែរឬទេ? នៅក្នុងទឹកដីរាជធានីភ្នំពេញ។