ព្រះវិហារ:នាថ្ងៃអង្គារទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធសហស្រូវអង្ករកម្ពុជា បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីចុះហត្ថលេខានៃកិច្ចសន្យាកសិកម្ម រវាងក្រុមហ៊ុនឯកជនចំនួន ០២ រួមមានក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា លើការបញ្ជាទិញនូវកសិផលចំនួន ២ មុខ រួមមាន ស្រូវសរីរាង្គ និងដំឡូងមីសរីរាង្គ លេីបរិមាណសរុប ៧៣ ៨០០តោន ពីកសិករមកពីសហគមន៍កសិកម្មចំនួន ៣២ នៅក្នុងខេត្តព្រះវិហារ។
ការចុះកិច្ចព្រមព្រៀងទិញ-លក់ស្រូវ និងដំឡូងមីសរីរាង្គនេះ បានធ្វេីឡេីងតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលរៀបចំឡេីងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំភោជនីយដ្ឋាន លី ហួត ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក អ៊ុក គឹមសាន្ដ អភិបាលរងខត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីក្រុមហ៊ុនបញ្ជាទិញ មន្ទីរជំនាញពាក់ព័ន្ធ អង្គការដៃគូ ថ្នាក់ដឹកនាំ និងតំណាងសហគមន៍កសិកម្មទាំង ៣២ ផងដែរ ។
នៅក្នុងកម្មវិធីនេះដែរ ឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកអំពីការសម្រេចបាននូវការនាំចេញអង្ករបានចំនួន ៤៧២ ៨០៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៣៤៨,១៨ លានដុល្លារអាម៉េរិក ដែលមានកំណើនជិត ២០% និងការនាំចេញស្រូវបានចំនួន ៤ ៨៤៨ ៨៣៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណជា ១ ១១៤,២៥ លានដុល្លាអាម៉េរិក ដែលមានកំណើនប្រមាណជា ៥៤% ដែលជារួម ការនាំចេញនេះបាននាំយកមកនូវចំណូលចូលក្នុងសេដ្ឋកិច្ចជិត ១ ៤០០ លានដុល្លារអាម៉េរិក ដែលកំណើនទាំងអស់នេះ គឺកើតចេញពីកិច្ចខំប្រឹងប្រែងរបស់គ្រប់ភាគី និងតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស បងៗ ដែលជាប្រជាកសិករ។
ជាមួយគ្នានេះផងដែរ ឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងអំពីផែនការសម្រាប់អាណត្តិទី៥ ដោយបានកំណត់យកនូវការពង្រឹង និងពង្រីកខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់ ការជំរុញការដាំដុះ និងការធ្វើសមាហរណកម្មដាំដុះទៅនឹងនិន្នាការថ្មី និងការធ្វើពិពិធកម្មផលិតកម្មកែច្នៃ និងទីផ្សារ ជាគោលនយោបាយផងដែរ។



























