លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមបានមានប្រសាសន៍ សហគ្រាសក្នុងស្រុកកំពុងតែប្រឈមមុខការប្រកួតប្រជែងមិនស្មើភាពនៅលើទីផ្សារ ហើយបញ្ហានេះបណ្តាលមកពីការបង់ពន្ធគ្មានតម្លាភាព ហើយបច្ចុប្បន្ននេះការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិដែលមានស្ថេរភាពនេះបង្ហាញពីសុខភាពល្អរបស់សហគ្រាសធុនតូចនិងមធ្យមលើទីផ្សារ ប៉ុន្តែទន្ទឹមនោះ ពួកគាត់ក៏នៅតែជួបបញ្ហាប្រឈមនឹងការប្រកួតប្រជែងមិនស្មើភាពគ្នាផងដែរនៅលើទីផ្សារបច្ចុប្បន្ន។
លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ទៀតថា កន្លងមកផលលំបាករបស់សហគ្រាសក្នុងស្រុកគឺបញ្ហាថ្លៃដើមផលិតខ្ពស់ពិបាកក្នុងការផលិត ហើយលើសពីនេះរឿងហិរញ្ញប្បទានផងដែរ និងសហគ្រាសខ្លះមិនបានបង់ពន្ធត្រឹមត្រូវដែលធ្វើឲ្យអ្នកស្របច្បាប់ពិបាកក្នុងការប្រកួតប្រជែង។
ចំណែក លោក លាង ឡេង អគ្គនាយកក្រុមហ៊ុនផលិតទឹកត្រី លាង ឡេង បានលើកឡើងថា កន្លងមកហេតុផលចំពោះ(SME) មិនព្រមមកចុះបញ្ជីនៅក្រសួងមានចំនួនតិចតួចគឺបណ្តាលមកពីពួកគាត់ខ្លាចបង់ពន្ធជូនរដ្ឋជាបន្ទុកធ្ងន់ធ្ងរពេក ប៉ុន្តែផ្ទុយទៅវិញក្នុងន័យនេះរាជរដ្ឋាភិបាលចង់លើស្ទួយ(SME)ខ្មែរទៅវិញទេ។
តំណាងម្ចាស់សហគ្រាសខាងលើបានទទូចឲ្យម្ចាស់សហគ្រាសនៅកម្ពុជាប្រញាប់ឡើងមកចុះបញ្ជីតាមច្បាប់ឲ្យបានទាន់ពេលនៅក្រសួងឧស្សាហកម្មនិងសិប្បកម្ម ដើម្បីធ្វើយ៉ាណាឲ្យពួកគាត់អនុវត្តឲ្យស្របទៅតាមច្បាប់ នឹងអាចឈានយកស្តង់ដារនាំចេញ។
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទេសរដ្ឋមន្រ្តី ឯកឧត្តម ចម ប្រសិទ្ធ ធ្លាប់បានថ្លែងបញ្ជាក់ថា ចាប់ពីពេលនេះទៅ សហគ្រាសទាំងអស់ត្រូវដើរទៅមុខស្របទៅតាមបច្ចេកវិទ្យាទំទើប ដើម្បីទទួលបាននូវផលចំនេញ ហើយបើសិនបន្តធ្វើអាជីវកម្មក្នុងរូបភាពលាក់បាំងបន្តទៀតនោះពិបាកក្នុងជួយពីរាជរដ្ឋាភិបាលកម្ពុជា។
បច្ចុប្បន្ននេះ ចំនួនសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាបានចុះបញ្ជីមានប្រមាណជាង២ ម៉ឺនតែប៉ុណ្ណោះ ក្នុងចំណោមជាង៥០ ម៉ឺនសហគ្រានៅទូទាំងប្រទេស ហើយបញ្ហានេះក្រសួងឧស្សាហកម្មបានសំណូមពរឲ្យ(SME )ទៅចុះបញ្ជីការនៅក្រសួងឲ្យបានឆាប់ ដើម្បីធានាបាននូវភាពជោគជ័យក្នុងអាជីវកម្មនិងអភិវឌ្ឍឈានឡើង៕