ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ សាធារណរដ្ឋអេស្តូនី បានចូលប្រគល់ ព្រះរាជសារតាំង ព្រះមហាក្សត្រកម្ពុជា ជូនចំពោះប្រធានាធិបតីអេស្តូនី ក្នុងពិធីផ្លូវការដ៏មានសារៈសំខាន់ ដែលសម្គាល់ការចាប់ផ្តើមបេសកកម្មការទូតរបស់លោក

ភ្នំពេញ:ទីក្រុងតាលិន សាធារណរដ្ឋអេស្តូនី នៅថ្ងៃទី២២ និងទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ សាធារណរដ្ឋអេស្តូនី បានចូលប្រគល់ ព្រះរាជសារតាំង ព្រះមហាក្សត្រកម្ពុជា ជូនចំពោះប្រធានាធិបតីអេស្តូនី ក្នុងពិធីផ្លូវការដ៏មានសារៈសំខាន់ ដែលសម្គាល់ការចាប់ផ្តើមបេសកកម្មការទូតរបស់លោក។

ក្នុងឱកាសនៃជំនួបជាមួយប្រធានាធិបតីអេស្តូនី ឯកអគ្គរាជទូតបានប្រគល់សារតាំងផ្លូវការ ព្រមទាំងពាំនាំព្រះរាជបណ្តាំសារសួរសុខទុក្ខដ៏កក់ក្តៅពីព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជូនចំពោះប្រធានាធិបតី និងប្រជាជនអេស្តូនី។ លោកបានបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កំពុងមានទិសដៅវិជ្ជមាន និងមានសក្តានុពលខ្ពស់សម្រាប់ការពង្រឹង និងពង្រីកបន្ថែម។

ឯកអគ្គរាជទូតបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងទំនាក់ទំនងទ្វេភាគី ដោយផ្អែកលើគោលការណ៍នៃការគោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងការលើកកម្ពស់ផលប្រយោជន៍រួម។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះសមិទ្ធផលរបស់អេស្តូនី ក្នុងការកសាងប្រទេសឲ្យក្លាយជាប្រទេសឌីជីថលឈានមុខមួយនៅលើពិភពលោក ហើយបានលើកឡើងពីសារៈសំខាន់នៃការចែករំលែកបទពិសោធន៍ក្នុងវិស័យរដ្ឋាភិបាលឌីជីថល សេវាសាធារណៈអនឡាញ និងសន្តិសុខសាយប៊ឺរ។

ក្នុងថ្ងៃដូចគ្នា ឯកអគ្គរាជទូតក៏បានជួបពិភាក្សាជាមួយ លោក Mati Murd អគ្គនាយកផ្នែកអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអេស្តូនី ដោយបាននាំសារសួរសុខទុក្ខពី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ផងដែរ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឌីជីថល សេដ្ឋកិច្ចបៃតង ពាណិជ្ជកម្ម អប់រំ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការពង្រីកការតភ្ជាប់សេដ្ឋកិច្ចរវាងតំបន់អាស៊ាន និងសហភាពអឺរ៉ុប។

ជាពិសេស ដើម្បីជាស្ពានភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កម្ពុជា បានលើកទឹកចិត្តយ៉ាងខ្លាំងឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់សាធារណរដ្ឋអេស្តូនី និងប្រព័ន្ធផ្សព្វផ្សាយជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរព័ត៌មាន ការយល់ដឹង និងវប្បធម៌រវាងប្រទេសទាំងពីរ។ ការសហការនេះត្រូវបានចាត់ទុកថា ជាគន្លឹះសំខាន់ក្នុងការពង្រឹងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមកឲ្យកាន់តែជិតស្និទ្ធ។

ក្នុងន័យនេះ កម្ពុជា ក៏បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយដែលមានវប្បធម៌ និងអរិយធម៌ដ៏យូរលង់ និងសម្បូរបែប ដែលបានបន្តរក្សាទុក និងអភិវឌ្ឍតាំងពីសម័យ ចក្រភពអង្គរ មក។ កម្ពុជាមានបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃជាច្រើន រួមមានប្រាសាទបុរាណ ប្រពៃណី ទំនៀមទម្លាប់ និងសិល្បៈ ដែលជាអត្តសញ្ញាណជាតិដ៏លេចធ្លោ។

ពីភាគីអេស្តូនីវិញ លោក Mati Murd បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកអគ្គរាជទូតកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារដែលបានលើកឡើងក្នុងជំនួបនេះ។ ភាគីអេស្តូនីបានបញ្ជាក់ពីការគាំទ្រ និងឯកភាពចំពោះទស្សនៈរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការទូត សេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល អប់រំ និងវប្បធម៌។

ជាពិសេស ភាគីអេស្តូនីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស គួរតែផ្អែកលើគោលការណ៍នៃការគោរពអធិបតេយ្យភាព សមភាពរវាងរដ្ឋ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការយកច្បាប់អន្តរជាតិជាគោល។ អេស្តូនីបានបញ្ជាក់ថា ការគោរពច្បាប់អន្តរជាតិ និងយន្តការពហុភាគី គឺជាមូលដ្ឋានសំខាន់សម្រាប់ការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅលើពិភពលោក។

ភាគីអេស្តូនីក៏បានសម្តែងការយល់ស្របចំពោះការលើកឡើងរបស់ឯកអគ្គរាជទូត ស្តីពីការដោះស្រាយបញ្ហានានាដោយសន្តិវិធី និងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី។ ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសន្ទនា និងការសហការជិតស្និទ្ធ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម និងការយល់ដឹងរវាងប្រជាជនទាំងពីរ។

នៅចុងបញ្ចប់ ឯកអគ្គរាជទូតបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការខិតខំអនុវត្តបេសកកម្ម ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអេស្តូនី ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

សូមរំលឹកថា ៖ទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋអេស្តូនី ត្រូវបានបង្កើតឡើងជាផ្លូវការ នៅឆ្នាំ ១៩៩៧។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងទ្វេភាគីក៏កំពុងត្រូវបានលើកកម្ពស់បន្ថែម ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល អប់រំ និងសេដ្ឋកិច្ច ដោយផ្អែកលើសក្តានុពល និងបទពិសោធន៍របស់អេស្តូនីជាប្រទេសឌីជីថលឈានមុខមួយនៅលើពិភពលោក៕