កណ្តាល៖ ប្រភពព័ត៌មានពីអ្នករកស៊ីដឹកទំនិញផ្សេងៗនិងប្រជាពលរដ្ឋបានឲ្យដឹងថា មន្ត្រីមានសមត្ថកិច្ចច្រើនស្ថាប័ន ជាពិសេសនាយប៉ុស្តិ៍នគរបាលបន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល កំពុងត្រូវប៉ាន់យ៉ាងសំបើមជាមួយនឹងទំនិញខូចគុណភាព ដែលនាំ ចូលឆ្លងដែនពីប្រទេសវៀតណាម។
យោងតាមសេចក្តីរាយការណ៍បញ្ជាក់ទៀតថា សព្វថ្ងៃនេះទំនិញខូចគុណភាពទំនិញក្លាស្សេ នៅតែបន្តនាំចូលយ៉ាង សកម្មតាមច្រកព្រំដែនអន្តរជាតិជ្រៃធំ ក្រោមការឃុបឃិតគ្នា ជាប្រព័ន្ធជាមួយសមត្ថកិច្ចច្រើនស្ថាប័ន ជាពិសេសមន្ត្រីនគរបាលអន្តោប្រវេសន៍នោះតែម្ដង។
ប្រភពពីអាជីវករនិងឈ្មួញដឹកជញ្ជូនបន្លែ, ផ្លែឈើ, ត្រីសាច់,ទំនិញផ្សេងៗចេញពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខេត្តកណ្តាលឱ្យដឹងថា ភាពមិនប្រក្រតីខាងលើ របស់ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងបក្សពួក ឃុបឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតឱ្យនាំចូលទំនិញគេចពន្ធ, ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តធំៗរថយន្តសាំយ៉ុងនិងរថយន្តមួយចំនួនទៀតដែលដឹក ទំនិញចេញពីប្រទេស វៀតណាមចូលមកប្រទេសខ្មែរ តាមច្រកមួយនេះ យកទៅចែកចាយលើទីផ្សារនានា និងឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។
សារព័ត៌មាន ដេលីខ្មែរនៅរសៀលថ្ងៃទី៥ខែឧសភានេះមិនអាចសុំការបញ្ជាក់ពីមន្រ្តីពាក់ព័ន្ធខាងលើបាននៅឡើយទេ។ ប៉ុន្តែករណីនេះ ដោយសារមានការបើកភ្លើង ខៀវពី សំណាក់មេធំៗខាងលើចាំជួយបិទបាំងទង្វើមិនប្រក្រតី របស់លោកមេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តដោយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយឡើយ ។
ប្រភពពីប្រជាពលរដ្ឋនិងឈ្មួញខាងលើបន្ថែមថា សាច់បង្កកនាំចូលដោយខុសច្បាប់ តាមច្រកព្រំដែនជ្រៃធំកាលពីប៉ុន្មានខែកន្លងទៅ ជាង ៦តោន ត្រូវបានកម្លាំងសមត្ថកិច្ច អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយសាខាគយ និងរដ្ឋាករ បង្ក្រាប និងយកទៅដុតកម្ទេចចោល។
ការបង្ក្រាបសាច់បង្កកខួចគុណភាពនាំឱ្យប៉ះ ពាល់សុខមាភាពប្រជាពលរដ្ឋនេះ ក្រោមការដឹកនាំបញ្ជាដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កណ្តាលមន្រ្តីសាខា ក.ប.ប.ខេត្តកណ្តាលបានសហការ ជាមួយការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់២ សាខាគយ និងរដ្ឋាករ ខេត្តកណ្តាល ប្រធានច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងនាយប៉ុស្តិ៍សំពៅពូន បានធ្វើការត្រួតពិនិត្យមានសាច់បង្កកនាំចូលតាមច្រកជ្រៃធំតែម្តង។
អាជីវករនិងឈ្មួញអំពាវនាវដល់ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរ បាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល,ជាពិសេស ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចាត់មន្រ្តីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវភាពមិនប្រក្រតីនេះផង។



