ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនៃធនាគារARDB) ក្នុងនាមជាធនាគារគោលនយោបាយ ដើម្បីឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់នៃស្ថានភាពហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសកល និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពភូមិសាស្រ្តនយោបាយតំបន់និងសកល

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ក្នុងគោលដៅត្រៀមខ្លួន, ក្នុងនាមជាធនាគារគោលនយោបាយ, ដើម្បីឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់នៃស្ថានភាពហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសកល និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល នាព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB។ នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ និងក្នុងស្មារតីបុរេសកម្ម, ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំធនាគារ ARDB នូវខ្លឹមសារបង្កប់ដោយស្មារតីទទួលខុសត្រូវខ្ពស់ មួយចំនួនដូចខាងក្រោម ៖
១. ក្នុងបរិបទនៃការវិវត្តនៃបច្ចេកវិទ្យាដ៏ឆាប់រហ័ស, ថ្នាក់ដឹកនាំនៃធនាគារ ARDB គួរចាប់យកឱសកាសនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗសម្រាប់ធ្វើអត្ថប្រយោជន៍នីយកម្ម គាំទ្រដល់ប្រតិបត្តិការធនាគារនិងការបម្រើសេវាអតិថិជន ពិសេសតាមរយៈការប្រើប្រាស់បញ្ញាសប្បនិម្មិត (Artificial Intelligence – AI) សំដៅសម្រេចបានគោលដៅជាធនាគារឌីជីថល។
២. ក្នុងស្ថានភាពនៃភាពមិនច្បាស់លាស់នៃប្រព័ន្ធហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសកល និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពភូមិសាស្រ្តនយោបាយតំបន់ និងសកល, ថ្នាក់ដឹកនាំនៃធនាគារ ARDB នឹងបន្តពង្រឹង និងផ្តោតការយោគយល់ទុកដាក់បន្ថែមលើការកំណត់នូវកត្តាហានិភ័យនៃអាជីវកម្មនីមួយៗ ពិសេសអាជីវកម្មកសិកម្ម ដែលជាចំណុចសំខាន់សម្រាប់ការរៀបចំយន្តការគាំទ្របន្ថែម។
៣. ថ្នាក់ដឹកនាំនៃធនាគារ ARDB នឹងបន្តការផ្តោតសំខាន់លើការជំរុញកញ្ចប់ហិរញ្ញប្បទានបៃតង ពិសេសក្រោមក្របខណ្ឌ Cambodia Climate Financing Facility (CCFF) ដែលទទួលបានការគាំទ្រពី Green Climate Fund (GCF) ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
៤. ថ្នាក់ដឹកនាំនៃធនាគារ ARDB នឹងបន្តពង្រឹងការអនុវត្តហិរញ្ញប្បទានត្រីភាគី, ដែលជានវានុវត្តន៍នៃយន្តការផ្តល់ហិរញ្ញប្បទានថ្មី របស់ធនាគារ ARDB។
៥. ថ្នាក់ដឹកនាំនៃធនាគារ ARDB នឹងបន្តជំរុញឱ្យការអភិវឌ្ឍមូលធនមនុស្ស (បុគ្គលិក) តាមរយៈការបង្កើតនិងចូលរួមវគ្គបណ្តុះបណ្តាល ជាប្រចាំ។

មុននឹងបញ្ចប់នៃកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានរំលេចនូវភាពរឹងមាំនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ARDB ដែលជាធនាគារគោលនយោបាយ និងជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏មានទំនុក និងសុវត្ថិភាពខ្ពស់ ពិសេសប្រាក់បញ្ញើអតិថិជន។