ខេត្កកណ្ដាល ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករដែលមានទីតាំង ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។
នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការចូលរួមពី លោក ឆែ វណ្ណឌី អភិបាល នៃគណៈអភិបាលស្រុកកោះធំ លោកមេឃុំ និងមន្ត្រីកសិកម្មឃុំ ព្រមទាំង ប្រជាកសិករសរុបចំនួន ៥០០នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបសំណេះសំណាលក្នុងថ្ងៃនេះមានគោលបំណងធំបំផុត គឺចង់បង្ហាញពីសមាគមបណ្ដាញកសិករតេជោ ជូនដល់បងប្អូនប្រជាកសិករ និងវិស័យកសិកម្ម ដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកថា វិស័យកសិកម្ម ក្នុងបរិបទពិភពលោកដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា មិនមែនប៉ះពាល់តែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែរងផលប៉ះពាល់នៅទូទាំងពិភពលោកដែល បានរុញឱ្យតម្លៃប្រេងឥន្ទនៈ ជី និងថ្នាំកសិកម្មឡើងថ្លៃខ្ពស់ហើយ នេះមិនទាន់គិតដល់ការឡើងថ្លៃចំណីអាហារនៅលើពិភពលោក និងនៅកម្ពុជានៅឡើយទេ។
ក្នុងន័យនេះឯកឧត្តមបណ្ឌិតប្រតិភូគឺ ចង់គូសបញ្ជាក់អំពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកជូនដល់បងប្អូនកសិករនៅក្នុងស្រុកកោះធំនេះ ដើម្បីត្រៀមខ្លួនសម្រាប់ចាប់យកឱកាសថ្មីៗ ក៏ដូចជារកដំណោះស្រាយទុកជាមុនលើវិស័យកសិកម្ម។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានលើកឡើងទៀតថា វិស័យកសិកម្ម មិនមែនជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់នាពេលបច្ចុប្បន្ននោះទេ គឺ វិស័យនេះ គឺជាវិស័យដ៏សំខាន់បំផុត និងត្រូវបានអនុវត្តចាប់តាំងពីសម័យអង្គរមកម្លេះ ព្រោះជាជនកទល់សេដ្ឋកិច្ចដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចជាតិ។
ត្រង់ចំណុចនេះដែរ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ចាត់ទុកថា លើកឡើងដូច្នេះមិនថានៅក្នុងសម័យអង្គរនិងបច្ចុប្បន្ននេះទេវិស័យកសិកម្ម កសិករយើង គឺរួមរស់ជាមួយគ្នាជារៀងរហូតដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេ ដែលនេះបង្ហាញថា ជាសត្យានុម័តមិនអាចប្រកែកបាន។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានពន្យល់ដល់កសិករទៀតថា រឿងកសិកម្មដែលមានតម្លៃទាបនិងបញ្ហាប្រឈមនេះគឺជាឱកាសខ្ពស់សម្រាប់វិស័យកសិកម្មជាពិសេស កសិករត្រូវបង្កើនការផលិតដើម្បីផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូល ខណៈដែលពិភពលោកកំពុងខ្វះស្បៀងដោយសារគ្រោះធម្មជាតិ តម្លៃប្រេងឥន្ធនៈ និងជីកសិកម្ម ឡើងថ្លៃ ធ្វើឱ្យថ្លៃផលិតក្នុងវិស័យកសិកម្មហក់ឡើងក្នុងតម្លៃខ្ពស់ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានផ្តល់ការណែនាំ និងលើកទឹកចិត្តដល់ប្រជាកសិករឱ្យរួបរួមគ្នាផលិតជីធម្មជាតិ និងជីកំប៉ុស្តដោយខ្លួនឯងក្នុងសហគមន៍ ដើម្បីធានាគុណភាពនិងសុវត្ថិភាពផលិតផលក្នុងស្រុកដល់អ្នកបរិភោគ ។ បើមិនទាន់ចេះពីការផលិតទេ កសិករអាចស្វែងរកនៅលើបណ្តាញសង្គមនិងយូធូបពីរបៀបនៃការផលិត ព្រោះជា«បណ្ណាល័យពិភពលោក»ដែលកសិករអាចស្វែងរកព័ត៌មានផ្សេងៗជាច្រើនបាន។
លើសពីនេះទៀត ឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្តល់អនុសាសន៍ថា ការធ្វើកសិកម្ម និងដាំដុះដំណាំគ្រប់ប្រភេទក៏ដោយ គឺត្រូវចេះរកឱ្យឃើញតម្លៃថ្លៃដើមផលិត ក្នុង១ឯកតា ឧទាហរណ៍ ផលិតស្រូវ១គីឡូក្រាម ចំណាយប្រាក់អស់ប៉ុន្មានរៀល ទើបយើងរកផលចំណេញឃើញ និយាយបែបនេះ គឺដើម្បីប្រែក្លាយបងប្អូនទៅជាកសិករសហគ្រិន។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតប្រតិភូបានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយនឹងសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ខែល ឬឆ័ត្រ សម្រាប់កសិករជ្រកគឺជារួម ចូលរួមការពារភាពត្រឹមត្រូវឬស្របច្បាប់របស់កសិករ ឬការពារពីការំលោភបំពាន គៃចំណេញលើកសិករ និង(២) សមាគមធ្វើជាស្ពានឱ្យបបងប្អូនដើរឬក៏ភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឱកាសការទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងតភ្ជាប់សម្លេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមន៍ជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ។
ក្នុងការរកដំណោះស្រាយបញ្ហាទុនសម្រាប់ធ្វើវិស័យកសិកម្មរបស់កសិករនៅក្នុងស្រុកកោះធំ ដែលមិនមានទ្រព្យបញ្ចាំ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម គឺជម្រើសដ៏ល្អបំផុតមួយសម្រាប់បងប្អូនប្រជាកសិករដែលមានអត្រាការប្រាក់អនុគ្រោះផងដែរ។
សូមបញ្ជាក់ថា សមាគមបណ្តាញកសិករតេជោ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការលើកកម្ពស់ផលិតភាពក្នុងវិស័យកសិកម្ម។
លើសពីនេះសមាគមនឹង ចូលរួមសម្របសម្រួលធ្វើពិពិធកម្មកសិកម្ម និងកសិពាណិជ្ជកម្ម ដោយផ្តល់សេវាបច្ចេកទេស ការផ្សព្វផ្សាយកសិផល និងការផ្តល់ព័ត៌មានទីផ្សារផលិតផលកសិកម្ម៕




























