ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ អញ្ជើញផ្សព្វផ្សាយពីសមាគមបណ្ដាញកសិករតេជោនឹងជំរុញឲ្យកសិករពង្រឹងផលិតភាពក្នុងវិស័យកសិកម្ម

ក្រុងសំពៅពូន ខេត្កកណ្ដាល ៖ ឯកឧត្តមបណ្ឌិត កៅ ថាច  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃសៅរ៍ ទី១៦ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញផ្សព្វផ្សាយពីសមាគមបណ្ដាញកសិករតេជោនឹងជំរុញឲ្យកសិករក្នុងក្រុងសំពៅពូន ខេត្តកណ្តាលត្រូវពង្រឹងផលិតភាពឲ្យបានខ្ពស់នៅក្នុងវិស័យកសិកម្ម។
ប្រសាសន៍លើកឡើងដូច្នេះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាក សិករនោះក៏មានការអញ្ជើញចូលរួមពី លោក មាន ដាវីន អភិបាល នៃគណៈអភិបាលរង ក្រុងសំពៅពូន  មន្ត្រីរដ្ឋបាលក្រុង អធិការនគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង​ មន្ត្រីការិយាល័យ អង្គភាពចំណុះរដ្ឋបាលក្រុង ចៅសង្កាត់ និងមន្ត្រីកសិកម្មស្រុករួមទាំង ប្រជាកសិករមកពីសហគមន៍សរុបជាង ៥០០នាក់។
ឯកឧត្តមបណ្ឌិតប្រតិភូ បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបសំណេះសំណាលក្នុងថ្ងៃនេះមានគោលបំណងធំបំផុតគឺចង់បង្ហាញពីសមាគមបណ្ដាញកសិករតេជោ និងវិស័យកសិកម្មកម្ពុជាជូនបងប្អូនប្រជា កសិករនៅក្នុងក្រុងសំពៅពូន ឱ្យបានជ្រាបជាព័ត៌មានផងដែរ។

លើសពីនេះឯកឧត្តមបណ្ឌិត បានជំរាបជូនប្រជាកសិករថា វិស័យកសិកម្ម គឺជាវិស័យចម្បងមួយ និងត្រូវបានធ្វើតជំនាន់ចាប់ពីការករកើតប្រទេសកម្ពុជាទាំងមុនសម័យអង្គរ ក្នុងសម័យអង្គរ និងក្រោយសម័យអង្គររហូតមកទល់នឹងបច្ចុប្បន្ននេះ។
ជាមួយគ្នានោះវិស័យនេះបានផ្សារភ្ជាប់ជាសាច់ឈាម ជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នានៅទូទាំងប្រទេស។

ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ថា ទាំងអស់នេះ វាជាកត្តាកំណត់ ព្រោះ វិស័យកសិកម្មបានជួយលើកកម្ពស់ជីវភាពកសិករខ្មែរ និងសេដ្ឋកិច្ចខ្មែរ។ ជាក់ស្តែងនៅក្នុងសម័យអង្គរនៅពេលនោះ មិនមានរោងចក្រ សហគ្រាសនោះទេ គឺ ពឹងផ្អែកទាំងស្រុកលើសេដ្ឋកិច្ចកសិកម្ម និងបានរួមចំណែកពង្រីកទឹកដីថែមទៀតផងដែរ ។

ឯកឧត្តមបណ្ឌិតបណ្ឌិតប្រតិភូបានរំលឹកថា ក្នុងសម័យកាលការរីករាលដាលនៃជំងឺកូវីដ១៩ រហូតមកទល់ពេលនេះ វិស័យកសិកម្ម នៅតែជារបរមានសារៈសំខាន់បំផុតសម្រាប់ប្រជាកសិករខ្មែរ ខណៈវិស័យឧស្សាហកម្មផ្សេងទៀត ដូចជា ខារ៉ាអូខេ សណ្ឋាគារ និងភោជនីយដ្ឋានជាដើម ត្រូវបានបិទជាបន្តបន្ទាប់ និងមិនទាន់ងើបរួចនៅឡើយទេ ព្រោះគ្មានភ្ញៀវទេសចរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ប្រតិភូ បានមានប្រសាសន៍ថា ប្រជាកសិករខ្មែរ មិនអាចគេចទៅណារួចពីរបរកសិកម្មបានទេ ព្រោះបើប្រទេសមួយអត់ធ្វើកសិកម្មសោះ ពលរដ្ឋរបស់យើងបានអ្វីហូប មានតែទិញគេ បើទិញគេ យើងអត់លុយ បានអ្វីយកមកទិញបាន នេះជាគន្លឹះសំខាន់បំផុត។
ក្នុងនោះប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញ និងលើកទឹកចិត្តដល់កសិករនៅក្នុងក្រុងសំពៅពូនទាំងអស់ ត្រូវតែធ្វើកសិកម្មឱ្យបានពិតប្រាកដ  ដោយកុំធ្វើលេងៗ និងលំៗឱ្យសោះ  ទើបទទួលបានផលខ្ពស់ចូលរួមចំណែកលើកកម្ពស់ជីវិភាពបាន ។ ជាងនេះទៀត ត្រូវតែពិនិត្យទៅលើការចំណាយថ្លៃដើម ឱ្យបានខ្ពស់ដោយចាប់ផ្តើមផលិតជីកំប៉ុស្ត និងជីសរីរាង្គ ដែលមាននៅជុំវិញផ្ទះ។ ជាពិសេសគឺរួមចំណែកលើកម្ពស់សុវត្ថិភាពចំណីអាហារទាំងការប្រើប្រាស់ខ្លួនឯង និងអ្នកទិញ ។

ពាក់ព័ន្ធនឹងការធ្វើជីកំប៉ុស្តនេះ ឯកឧត្តមបណ្ឌិត ប្រតិភូបានផ្តល់ការណែនាំ ឱ្យប្រជាកសិករអាចស្វែងរកនៅលើបណ្តាញសង្គមយូធូបពីនីតិវិធីនៃការផលិតផងដែរហើយ ការធ្វើបែបនេះ ដើម្បីរួមចំណែកលើកម្ពស់សេដ្ឋកិច្ចសង្គម និងកាត់បន្ថយការប្រើប្រាស់ជីគីមីនៅក្នុងប្រទេស និងការនាំចូល ជាពិសេស គឺពង្រឹងឯករាជ្យជាតិ ដើម្បីកុំឱ្យប្រទេសជិតខាងមើលងាយ។ 
ចុងក្រោយក្នុងនាមសមាគមបណ្តាញកសិករតេជោសូមអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយនឹងសមាគម ដែលបង្កើតឡើងក្នុងបំណងជាស្ពាន និងបម្រើបងប្អូនប្រជាកសិករក្នុងការស្វែងរកប្រភពហិរញ្ញវត្ថុពង្រីកកសិកម្ម បច្ចេកទេស ទីផ្សារ និងធ្វើជាខែល ឬឆ័ត្រ សម្រាប់ការពារភាពត្រឹមត្រូវឬស្របច្បាប់របស់កសិករ ឬការពារពីការំលោភបំពាន ឬគៃចំណេញលើកសិករ៕