ខេត្តកំពង់ធំ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករមកពីបណ្តាសហគមន៍កសិកម្មមួយចំនួននៃស្រុកទាំងអស់ស្ថិតនៅ ខេត្តកំពង់ធំដោយក្នុងនោះ ស្នើឲ្យកសិករគួរពិចារណាត្រូវរួមគ្នាផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមីមានតម្លៃខ្ពស់។
នៅកម្មវិធីសំណេះសំណាលនោះ មានការចូលរួមពីលោក ឯក ហៀង នាយកវិទ្យាស្ថានបច្ចេកទេស ខេត្តកំពង់ធំ លោក កាំង សុផាន់ណា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្ទោង លោក សំ ធារ៉ា នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល ព្រមទាំង សហគមន៍មកពីបណ្តាស្រុក មេឃុំមកពីបណ្តាស្រុក-ឃុំ និងប្រជាកសិករសរុបចំនួន ១៧៩ នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងបញ្ជាក់ជូនប្រជាកសិករមកពីបណ្តាសហគមន៍កសិកម្មនៃស្រុកនានារបស់ខេត្តកំពង់ធំថាការជួបជុំបងប្អូនកសិករនៅថ្ងៃនេះគឺចង់ផ្តល់ជូននូវព័ត៌មានថ្មីៗលើវិស័យកសិកម្មជាពិសេសបងប្អូន ត្រូវតែពង្រឹងផលិតភាពឲ្យបានខ្ពស់លើការផលិតក្នុងដំណាក់កាលជីគីមីឡើងថ្លៃដែលបញ្ហានេះមិនត្រឹមតែផ្តល់ការលំបាកដល់កសិករយើងប៉ុណ្ណោះទេ គឺកសិករលើពិភពលោកក៏ជួបប្រទះបញ្ហាដូចគ្នាដែរ។
ត្រង់ចំណុចនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូបានសង្កត់ធ្ងន់ថាបងប្អូនសហគមន៍ និងកសិករនៅទីនេះត្រូវរួបរួមគ្នាផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី ជួយកាត់បន្ថែមថ្លៃដើមផលិត ទោះបីឆ្នាំនេះបានផលតិច តែជាជំហ៊ានមួយអាចប្រសើរនៅឆ្នាំបន្ទាប់ទៀត ដែលកសិករយើងធ្វើកសិកម្មបានចំណេញនិងលក់បានថ្លៃ។
ទន្ទឹមនោះឯកឧត្តមបណ្ឌិតប្រតិភូបានរំលឹកជូនកសិករថា វិស័យកសិកម្មជាឈាមរបស់ខ្មែរយើង មានផស្តុតាងស្រាប់លើប្រាងប្រាសាទ និងបារ៉ាយទឹកនៅតំបន់អង្គរដែលបង្ហាញថា ពីដើមខ្មែរយើងមានពូជអំបូរជាអ្នកធ្វើកសិកម្មបន្តពីដូនតាមកហើយ ជាពិសេស ក្នុងសម័យអង្គរការធ្វើកសិកម្មដែលកាលនោះធ្វើឲ្យខ្មែរយើងខ្លាំងជាអាណាក្រមួយអស្ចារ្យ គឺខ្លាំងទាំងការពង្រីកទឹកដី ជាជន្ទល់សម្រាប់ការកសាងសេដ្ឋកិច្ចប្រជាជនព្រមទាំងធានាដល់ការផ្គត់ផ្គង់ស្បៀងដល់កងទ័ពថែមទៀតផង។
ជុំវិញរបៀបរបបនៃការធ្វើកសិកម្មសម័យទំនើបនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានលើកទឹកចិត្តដល់កសិករថា បងប្អូនជាកសិករត្រូវមានមោទនភាពខ្លួនឯងដែរ ពោល បើអត់កសិករយើងមិនមានទីផ្សារអង្ករដែរ ព្រោះកសិកម្មមិនត្រឹមតែចិញ្ចឹមប្រទេសទេ គឺជាឆ្នាំងបាយរបស់ពិភពលោក តាមរយៈការនាំចេញអង្ករយើងទៅជាង៦០ប្រទេសផងដែរ។
បន្ថែមពីនេះឯកឧត្ដមបណ្ឌិតប្រតិភូបានលើកឡើងថា ការធ្វើកសិកម្មសម័យនេះខុសពី ៥០០ឆ្នាំមុនប្រើនង្គលភ្ជួរស្រែ និងឥឡូវត្រឡប់មកប្រើគ្រឿងយន្តវិញ ប៉ុន្តែក្នុងផលិតកម្មបើបងប្អូនមិនចេះគិតអំពីថ្លៃដើមផលិត ក្នុង១ឯកតា និងការប្រើប្រាស់ពេលវេលា បាញ់ថ្នាំ ឬដាក់ជីឲ្យបានត្រឹមត្រូវទេក៏មិនទទួលបានផលល្អហើយប្រឈមមុខនឹងការខាតបង់រាល់ឆ្នាំ។
ត្រង់ចំណុចនេះ សមាគមបណ្តាញកសិករតេជោបង្កើតឡើងគឺមានបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖(១) ឆ័ត្រ សម្រាប់កសិករជ្រកគឺជារួម ចូលរួមការពារភាពត្រឹមត្រូវឬស្របច្បាប់របស់កសិករ ឬការពារពីការំលោភបំពាន កេងចំណេញលើកសិករ និង(២)សមាគមធ្វើជាស្ពានឱ្យបងប្អូនដើរឬក៏ភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឱកាសការទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងការតភ្ជាប់សម្លេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមន៍ជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ។
បន្ទាប់ពីប្រសាសន៍សំណេះសំណាលរបស់ ឯកឧត្តមបណ្ឌិតប្រតិភូ រួចមកក៏មានការរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ និងសមាគមបណ្តាញកសិករតេជោ អនុស្សារណៈនៃយោគយល់គ្នាស្តីពីកិច្ចសហប្រ តិបត្តិការរវាងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល និងសមាគមបណ្តាញកសិករតេជោផងដែរ។





















