ខេត្តរតនគិរី៖ ឯកឧត្ត មបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោបានជំរុញឲ្យកសិករមកពីសហគមន៍នៃស្រុកមួយចំនួនក្នុងខេត្តរតនគិរីឲ្យពិចារណាប្តូរទម្លាប់ការធ្វើកសិកម្ម ក្នុងនោះត្រូវចេះគិតថ្លៃដើមផលិតជាមួយតម្រូវការទីផ្សារជាមុនសិន បើមិនដូច្នោះទេ នឹងគេចពុំរួចពីបំណុលកេីនឡេីងនោះឡើយ។
ការលើកឡើងជាទស្សនទាននិងប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ដូច្នោះ គឺនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករមកពីសហគមន៍កសិកម្មមួយចំនួននិងមន្រ្តីកសិកម្មមកពីឃុំចំនួន៦ក្នុងក្រុងបានលុង ខេត្តរតនគិរី នៅរសៀលថ្ងៃទី២០ខែឧសភាឆ្នាំ២០២៦នេះដែលមានអ្នកចូលរួមចំនួន ១០០នាក់ផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងបញ្ជាក់នៅក្នុងឱកាសនោះថា ការធ្វើកសិកម្មរបស់កសិករយើងពិតជាជួបការលំបាកនិងនឿយខ្លាំងតែមិនអាចឈប់បានទេ ព្រោះឈាមជ័ររបស់ដូនតាខ្មែរយើងអ្នកធ្វើកសិកម្មតាំងពីសម័យអង្គរមកហើយបើអត់កសិកម្មក៏មិនកើតដែរ ដូច្នេះបើជ្រុលនឹងនឿយហត់ហើយគួរប្រឹងឡើងវិញ ដោយរកវិធីសាស្រ្តបែបថ្មី ចេះគិតពីថ្លៃដើមផលិតឲ្យបានច្បាស់លាស់ ការចំណាយ ក្នុង១ឯកតាបើមិនដូច្នោះទេ កសិករយើងនឹងបន្តជាប់អន្ទាក់បំណុលដដែល។
ពាក់ព័ន្ធនិងកង្វល់របស់ប្រជាកសិករដែលបានលើកឡើងលើវិស័យកសិកម្ម និងការដុះដំណាំ រួមមាន ចន្ទី កោស៊ូ ចិញ្ចឹមសត្វនិងដាំដុះបន្លែ ដែលគ្មានទីផ្សារនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានពន្យល់ថា កសិករយើងបើមិនប្តូរទម្លាប់ធ្វើកសិកម្មដោយគិតពីការចំណេញខាតនោះទេ គឺច្បាស់ជាស្រែកថា«ធ្វើកសិកម្មខាតគ្រប់រដូវកាលហើយ » ខណៈដែលជីគីមីនិងថ្នាំកសិកម្មនៅលើពិភពលោកឡើងថ្លៃ ដូច្នេះជាឱកាសយើងត្រូវរកដំណោះស្រាយ គឺត្រូវងាកមកសិក្សាពីការផលិតជីធម្មជាតិក្នុងស្រុក ជាពិសេស យើងមានបណ្ណាល័យពិភពលោកមួយដែលអាចសិក្សាពីរបៀបផលិតជីធម្មជាតិវិញម្តងគឺ ប្រព័ន្ធ យូធូប ដើម្បីកាត់បន្ថយថ្លៃដើមផលិតរបស់កសិករយកទៅប្រើប្រាស់ ក្នុងវិស័យកសិកម្ម។
ត្រង់ចំណុចប្រឈមខាងលើនេះ សមាគមបណ្តាញកសិករតេជោគឺនឹងធ្វើទី(១)ជាខែលឬឆ័ត្រសម្រាប់កសិករជ្រកដោយចូលរួមការពារភាពត្រឹមត្រូវឬស្របច្បាប់របស់កសិករនឹងការពារពីការំលោភបំពាន គៃចំណេញលើកសិករ និង(២)សមាគមធ្វើជាស្ពានឱ្យបងប្អូនដើរឬក៏ភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឱកាសការទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងតភ្ជាប់សម្លេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ។
















