ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់យុវជនក្នុងផែនសហគ្រិនវ័យក្មេងខេត្តមណ្ឌលគីរី​ អំពីបរិវត្តកម្មសេដ្ឋកិច្ចទៅសេដ្ឋកិច្ចមូលធនចំណេះដឹងនិងសេដ្ឋកិច្ចបៃតងក្នុងពេលខាងមុខ

ខេត្តមណ្ឌលគិរី៖​ ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល,ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តនៅព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញថ្លែងសន្ទរកថានិងបើកកម្មវិធី ស្តីអំពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគត ដែលកម្មវិធីនេះរៀបចំឡើងដោយផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សថ្នាក់កណ្តាលនិងគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី។
សិក្ខាសិលាដែលរៀបចំឡើងនៅខេត្តមណ្ឌលគិរីក៏មានការចូលរួមពីវាគ្មិនសំខាន់ៗ ដូចជា ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក លឹម សៀកផេង អនុប្រធាននាយកដ្ឋានសម្របសម្រួលកិច្ចការបរិស្ថានគម្រោងវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងយុវជនមកពីផែនសហគ្រិនវ័យក្មេងនៃយុវជនគណបក្សខេត្តមណ្ឌលគិរីដែលមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។
ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងកោតសរសើរដល់យុវជនគណបក្សថ្នាក់កណ្តាលផ្នែកផែនសហគ្រិនវ័យក្មេង និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាដែលបានរៀបចំកម្មវិធីនេះឡើង ផ្តល់ជាចំណេះដឹងថ្មី ជាពិសេស យុវជនគណបក្សយើងត្រូវតែចាប់យកឱកាសនិងចំណេះដឹងបន្ថែមទៀតពីវាគ្មិនខាងលើដែលមានបទពិសោធន៍ ក្នុងការចែករំលែកជាគន្លឹះសម្រាប់ត្រៀមខ្លួនវិនិយោគនឹងអភិវឌ្ឍនៅខេត្តកណ្ឌលគិរីកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមគោលនយោបាយអភិវឌ្ឍន៍ក្នុងខេត្តទាំងបួននៅភូមិភាគឦសានផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ចែករំលែកដល់យុវជនថា ក្នុងស្ថានភាដែលសេដ្ឋកិច្ចពិភពលោកកំពុងតែមានភាពមិនច្បាស់លាស់ហើយ ចំពោះអនាគតប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា និងអាជីវកម្មក្នុងប្រទេសយើងមិនស្ថិតនៅដដែលទៀតទេ​ ពេលនេះគឺអាចនឹងធ្វេីបរិវត្តកម្មទៅជាសេដ្ឋកិច្ចមូលធនចំណេះដឹងនិងសេដ្ឋកិច្ចបៃតង ក្នុងពេលអនាគត​ ដូច្នោះ ក្នុងនាមយើងជាយុវជនរបស់គណបក្សត្រូវត្រៀមខ្លួន តាមរយៈការបង្កើនសមត្ថភាព ចំណេះដឹងឲ្យខ្លាំង នោះគណបក្សយើងនឹងខ្លាំងដែរ ជាពិសេសត្រូវរួមគ្នាវិនិយោគក្នុងស្រុកលើវិស័យកសិកម្ម បង្កើតការងារ និងមុខរបរថ្មីៗ ដើម្បីប្រែក្លាយទឹកដីខេត្តមណ្ឌលគិរីទៅជាសេដ្ឋកិច្ចនិងកសិកម្មបៃតងដែលមិនមានផលប៉ះពាល់ដល់បរិស្ថាននិងសង្គម។
ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍ផ្តល់នូវទស្សនទានសំខាន់ៗមួយចំនួនទៀត ដល់សហគ្រិនវ័យក្មេងនៃយុវជនរបស់គណបក្សខេត្តមណ្ឌលគិរីអំពីការវិវត្តម៉ូឌែលអាជីវកម្មតាំងពីសម័យអាណាចក្រអង្គរដ៏រុងរឿងនិងបច្ចុប្បន្នដែលម័យនោះ ខ្មែរយើងបានឡើងដល់ចំណុចកំពូលនិងអស្ចារ្យ ក្លាយជាអាណាចក្រទាំងសេដ្ឋកិច្ច វិទ្យាសាស្រ្ត ធនធានមនុស្ស និងជីវភាពរស់នៅប្រជាជន ដែលធ្វើឲ្យខ្មែរយើងខ្លាំងលើវិស័យកសិកម្មហេតុដូច្នោះហើយក្នុងនាមយុវជន ត្រូវតែខំឲ្យដូចសម័យដើម តាមរយៈការពង្រឹងវិស័យវិស័យសហគ្រិនភាពយើងឲ្យខ្លាំង ដើម្បីកុំឲ្យសត្រូវគេមើលងាយជាតិយើង ។
ជុំវិញបញ្ហាប្រភពទុនវិនិយោគវិញ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ចាក់ថា ធនាគារ ARDB ចាំតែជួយបងប្អូនជាសហគ្រិនវ័យក្មេងយើងទេឲ្យតែមានផែនការអាជីវកម្មច្បាស់លាស់ ជាពិសេស មុនរកស៊ីនិងធ្វើកសិកម្មត្រូវចេះរកឲ្យឃើញថ្លៃដើមផលិតក្នុង១ឯកតាជាមុនសិន ទើបរកស៊ីមិនខាត ព្រោះថាកន្លងទៅបងប្អូនយើងបើគិតអំពីរឿងរកស៊ីនិងវិនិយោគ គឺ ផ្តោតតែលើវិស័យធនាគារមួយមុខ ដែលមិនបានគិតដល់ប្រភពទុនផ្សេងៗទៀតដូចជា ផ្សារភាគហ៊ុន និងវិស័យធានារ៉ាប់រង ដែលអាចជួយបងប្អូនបានយ៉ាងច្រើន តាមរយៈការបោះលក់សញ្ញាបណ្ណជាដើម។
ជាចុងក្រោយឯកឧត្តមបណ្ឌិតបានផ្ញើសារថា ការវិនិយោគ គឺជាការបង្កើតការងារក្នុងស្រុក ហើយកុំមើលឃើញតែទីផ្សារក្នុងស្រុក ប៉ុន្តែត្រូវធ្វើពិពិធកម្មទីផ្សារនៅតំបន់អាស៊ាន។ ដូច្នោះ សហគ្រិនយើងមិនត្រឹមតែជាអ្នកកសាងនិងអភិវឌ្ឍធុរកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួម ក្នុងការកសាងសេដ្ឋកិច្ចជាតិនិងសង្គមឲ្យមានការរីកចម្រើន៕