ខេត្តឧត្តរមានជ័យ៖ មន្ត្រីរាជការស៊ីវិលមិនត្រឹមតែជាអ្នកអនុវត្តតួនាទី ភារកិច្ច លើការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកបម្រើសេវាសាធារណៈ រក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋនិងប្រទេសជាតិផងដែរ។
នេះជាការលើកឡើងរបស់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ក្នុង«ពិធីប្រកាសតួនាទីមន្ត្រីនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តឧត្តរមានជ័យ មន្ទីរ អង្គភាព និងការពង្រឹងវិន័យដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការស៊ីវិល» នាព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២៦នេះ។
ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងបន្តថា ការដំឡើងតួនាទី និងមុខតំណែងជូនមន្ត្រីរាជការគ្រប់រូបនាពេលនេះ គឺពិតជាបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់ នីតិវិធី ព្រមទាំងសេចក្តីណែនាំនានាជាធរមាន ដោយរដ្ឋបាលខេត្តបានធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់តាមលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយ ផ្អែកលើសមត្ថភាព ស្នាដៃ និងការខិតខំប្រឹងប្រែងពិតប្រាកដ ដោយធានាបាននូវតម្លាភាព មិនមានការលម្អៀង មិនបក្សពួកនិយម និងមិនក្បត់មនសិការវិជ្ជាជីវៈ គុណធម៌ ព្រមទាំងព្រហ្មវិហារធម៌ឡើយ។
ឯកឧត្ដម បានរំលឹកផងដែរថា មន្ត្រីរាជការ គឺជាតួអង្គស្នូលដ៏មានសារសំខាន់បំផុត និងជាកម្លាំងចលករចម្បង ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំនានារបស់ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម អភិបាលខេត្ត បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីទាំងអស់ ត្រូវរួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពការងារ បម្រើផលប្រយោជន៍ជូនអង្គភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោក យឿន វិបុល នាយករងរដ្ឋបាលសាលាខេត្ត តំណាងឱ្យមន្រ្តីរាជការដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មីទាំងអស់ បានឡើងធ្វើការប្ដេជ្ញាចិត្តថា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ គោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេស ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់ និង ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការល្អជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍខេត្តឧត្តរមានជ័យឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕







