(ខេត្កក្រចេះ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល, លោក ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សខេត្តក្រចេះ ជាតំណាងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញថ្លែងសន្ទរកថា និងបើកកម្មវិធី ស្តីអំពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគត រៀបចំឡើងដោយផ្នែកផែនសហគ្រិនវ័យក្មេង នៃយុវជនគណបក្សថ្នាក់កណ្តាល និងគណៈកម្មាធិការគណបក្សខេត្តក្រចេះ។
សិក្ខាសិលានេះរៀបចំឡើងនៅសណ្ឋាគារ ហ៊រ ប៊ុន្នី ក្រុងក្រចេះ ខេត្តក្រចេះ ក្នុងនោះមានវាគ្មិនសំខាន់ៗ ចូលរួមដូចជា ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក ហៀន សូប៉ូលីន ប្រធានស្តីទី នាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងជាប្រធានផែនវិនិយោគឯកជន និងសហគ្រិនវ័យក្មេងនៃយុវជនគណបក្សក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងយុវជនមកពីផែនសហគ្រិនវ័យក្មេង នៃយុវជនគណបក្សខេត្តក្រចេះ ដែលមានអ្នកចូលរួមសរុបជាង ១០០នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនោះថា កម្មវិធីថ្ងៃនេះមិនត្រឹមតែជាវេទិការពិភាក្សា ស្តីពីសហគ្រិនភាពនិងកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចពិភាក្សាបើកទូលាយផ្តល់ឱកាសដល់សហគ្រិនយើង ដែលនឹងមានការវិនិយោគ ទៅតាមវិស័យនីមួយៗជាពិសេស យុវជនគណបក្សនៅខេត្តក្រចេះតែម្តង សំរាប់ចូលរួមចំណែកយ៉ាងធំក្នុងការកសាងជាតិ នឹងបង្កើតឱកាសការងារថ្មីៗក្នុស្រុក។
ក្នុងនាមសមាជិកយុវជន គណបក្សថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត បានរំលឹកជូនសហគ្រិនវ័យក្មេងនៅខេត្តក្រចេះថា ទម្រង់អាជីវកម្មបានប្តូទម្រង់ច្រើន ជាពិសេសប្តូរទៅជាអាជីវកម្មបែបអេឡិចត្រូនិច (E-commerce) ដែលមានទំហំមូលធនទីផ្សារទូទាំងពិភពលោក ប្រមាណ ៣.៣ទ្រីលានដុល្លារ។
ជាក់ស្តែងកម្ពុជាយើងសព្វថ្ងៃនេះ កំពុងឈានចូលយុគសម័យបរិវត្តកម្មសេដ្ឋកិច្ចថ្មីមួយ ទៅជាសេដ្ឋកិច្ចមូលធនចំណេះដឹង និងសេដ្ឋកិច្ចបៃតង ដែលការច្នៃប្រឌិត គឺជាមូលដ្ឋានគ្រឹះដែលសហគ្រិនយើងត្រូវដើរឲ្យទាន់នឹងចាប់យកឲ្យបានជាពិសេស ពង្រឹងសមត្ថភាពខ្លួនឲ្យខ្លាំង ទើបបក្សយើងខ្លាំងដែរ ដើម្បីចូលរួមចំណែក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិយើង។
ឯកឧត្តមបណ្ឌិតប្រតិភូបានចាត់ទុកថា សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិយោគនោះទេ ប៉ុន្តែសហគ្រិន ថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹម និងជាស្ថាបត្យករសម្រាប់អនាគតមានន័យថា សហគ្រិនយើង គឺជាអ្នកកសាងភាពធន់, អ្នកបង្កើតដំណោះស្រាយសម្រាប់បញ្ហានានា និងជាអ្នកជំរុញវឌ្ឍនភាពមូលធនមនុស្សនិងការងារ។
ជាចុងក្រោយឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យយុជនត្រូវចាប់យកកាលានុវត្តភាពនៃការនិយោគនាអនាគតឲ្យបាន ហើយជាក់ស្តែងការវិនិយោគលើមូលធនមនុស្ស គឺមនុស្សមានចំណេះដឹងខ្ពស់ ព្រមទាំងជំនាញច្បាស់លាស់ ជាមួយនឹងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលនឹងបន្សល់ទុកជាមរតកឬកេរ្តិ៍ឈ្មោះល្អ ក្នុងសង្គមសម្រាប់អ្នកជំនាន់ក្រោយដូចជា ការវិនិយោគថាមលកកើតឡើងវិញ ដែលមិនមានការបំភាយដល់ភពផែនដីជាដើម៕


















