ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច និង ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាលអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកសិករ ចំនួន២២១នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល

ក្រុងតាខ្មៅ ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកសិករស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅក្នុងពិធីសំណេះសំណាលនោះមានការចូលរួមពី លោក ឡាយ សំរិទ្ធ អភិបាលរងក្រុងតាខ្មៅ សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ចៅសង្កាត់ មេភូមិគ្រប់ភូមិ និងប្រជាកសិករសរុបចំនួន ២២១ នាក់។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនកសិករនៅក្រុងតាខ្មៅ ខេត្តកណ្តាលថា ការជួបជុំថ្ងៃនេះក្នុងនាមជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផង និងជាប្រធានសមាគមបណ្តាញកសិករតេជោ ដែលតួនាទីទាំងពីរ ដើរទន្ទឹមគ្នា ជាពិសេសចង់ឃើញជីវភាពកសិករយើងកាន់តែប្រសើរឡើង និងការផ្សព្វផ្សាយពីសមាគមបណ្តាញកសិករតេជោដល់កសិករស្តីអំពីវិស័យកសិកម្ម ទីផ្សារ និងអភិវឌ្ឍជន៍បទផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកជូនកសិករទៀតថា ការងារធ្វើកសិកម្មមានគ្រប់ទីកន្លែងមិនថានៅក្រុងតាខ្មៅឬនៅទីណាទេ កសិកម្មនេះបានបន្សល់ទុកតាំងពីសម័យអង្គរមក គឺកសិកម្មសម័យនោះមិនត្រឹមតែធ្វើ ដើម្បីផ្គត់ផ្គង់កងទ័ពទេ កសិកម្មជាចន្ទល់នៃសេដ្ឋកិច្ចជាតិ ពោល កសិករយើងមានការរីកចម្រើនខ្លាំងទាំងការងារអប់រំ និងវិទ្យាសាស្ត្រទៀតផង។

លើសពីនេះ ឯកឧត្ដមបណ្ឌិតប្រតិភូបានលើកឡើងថា បើប្រទេសមួយអត់កសិកម្មសន្តិសុខស្បៀងនឹងកើតឡើងដែរ ព្រោះស្បៀងជាតម្រូវការមូលដ្ឋានរបស់មនុស្សលោក។ ជាក់ស្តែងកសិករនៅក្រុងតាខ្មៅខេត្តកណ្តាលយើងនេះ ត្រូវតែបន្តធ្វើកសិកម្មគ្រប់ប្រភេទទៀត ដូចជា ការដាំដុះបន្លែ ចិញ្ចឹមសត្វ និងការកែច្នៃ ដោយផ្តោតលើបច្ចេកទេស និងទីផ្សារ។

លើសពីនេះឯកឧត្តមបណ្ឌិតបន្ថែមថា «ដោយសារតែកសិកម្មសម័យនេះ គឺខុសពី៥០០ឆ្នាំមុនដែលកសិករយើងប្រើនង្គ័លសម្រាប់ភ្ជួរស្រែ ប៉ុន្តែកសិកម្មសម័យថ្មីគេ ប្រើគ្រឿងយន្តកសិកម្មទំនើបៗដោយ ប្រើប្រាស់ជីគីមី ដើម្បីបានផលច្រើន នឹងឥឡូវនេះបានឈានដល់ការប្រើប្រាស់ជីធម្មជាតិជំនួសជីគីមីវិញម្តង»
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រតិភូបានប្រាប់កសិករថា ការធ្វើកសិកម្មមិនទាន់ទៅណាឆ្ងាយទេ នៅជាប់ជាមួយនឹងបងប្អូន ព្រោះខ្មែរយើងមានឈាមជ័រកសិកម្មតាំងពីសម័យអង្ករមកម្លេះដូច្នេះហើយ បើចង់ធ្វើកសិកម្មកុំឲ្យធ្លាក់ក្នុងអន្ទាក់បំណុល ត្រូវចេះគិតគូរថ្លៃដើមផលិតក្នុង១ឯកតា បើមិនដូច្នោះទេ បងប្អូននឹងស្រែកថាខាតរាល់ឆ្នាំ ដូច្នេះជាឱកាសយើងត្រូវរកដំណោះស្រាយ ងាកមកសិក្សាពីការផលិតជីធម្មជាតិក្នុងស្រុក ជាពិសេសរៀនតាមប្រព័ន្ធ យូធូប ពីរបៀបផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយថ្លៃដើមផលិតផងដែរ។

ជាក់ស្តែង សមាគមបណ្តាញកសិករតេជោវិញ នឹងធ្វើទី(១) ជា ឆ័ត្រ សម្រាប់កសិករជ្រកគឺជារួម ចូលរួមការពារភាពត្រឹមត្រូវឬស្របច្បាប់របស់កសិករ ឬការពារពីការំលោភបំពាន កេងចំណេញលើកសិករ និង(២)សមាគមធ្វើជាស្ពានឱ្យបបងប្អូនដើរឬក៏ភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឱកាសការទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងការតភ្ជាប់សម្លេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ៕