ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាផ្លាស់ប្តូរទម្លាប់ធ្វើកសិកម្មប្រើជីគីមីច្រើនងាកមកប្រើជីធម្មជាតិ និងជីកំប៉ុសវិញ ដើម្បីកាត់បន្ថយការចំណាយ

ស្រុកទឹកឈូ,ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករនៅស្រុកទឹកឈូ ខេត្តកំពត ដោយក្នុងនោះបានស្នើឲ្យរួមគ្នាប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុសវិញ ដើម្បីកាត់បន្ថយការចំណាយ។

កម្មវិធីជួបសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ប្រធានក្រុមប្រឹក្សាស្រុកទឹកឈូ សមាជិក សមាជិកា លោកមេឃុំ មេភូមិគ្រប់ភូមិ និងប្រជាកសិករចូលរួមសរុបចំនួន ២១០នាក់។

ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា កម្មវិធីថ្ងៃនេះមានគោលបំណងធំចំនួន២ គឺទី១ មកនេះក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងទី២ ជាប្រធានសមាគមបណ្តាញកសិករតេជោ ហើយចំពោះធនាគារ ARDB មានផ្តល់ប្រាក់កម្ចី និងឥណទានផ្តោតលើវិស័យកសិកម្ម និងអ្នកកែច្នៃ មានអត្រាការប្រាក់ទាប ជាពិសេស សូមជូនព័ត៌មាននេះដល់បងប្អូនយើងអ្នកស្រុកទឹកឈូបានស្គាល់កាន់តែច្បាស់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា«ការធ្វើកសិកម្មមិនទៅណាឆ្ងាយទេ បើសិនអត់មានកសិករថ្ងៃនេះក៏មិនមានកសិកម្មដែរហើយបើពិនិត្យមើលកាល៥០០ឆ្នាំមុនអត់មានរោងចក្រឧស្សាហកម្មជឿនលឿន តែសេដ្ឋកិច្ចយើងខ្លាំង ដោយសារវិស័យកសិកម្មរីកចម្រើន ព្រោះខ្មែរយើងមានឈាមជ័រជាអ្នកកសិកម្មតាំងពីដូនតាមកម្លេះ ដូច្នេះកសិករយើងសម័យនេះហើយដល់ពេលត្រូវផ្លាស់ប្តូរទម្លាប់កុំធ្វើកសិកម្មប្រើជីគីមីច្រើនងាកមកប្រើជីធម្មជាតិ និងជីកំប៉ុសដែលផលិតក្នុងស្រុក»។

ក្នុងស្ថានភាពជីគីមីលើពិភពលោកឡើងថ្លៃនោះ ឯកឧត្តមបណ្ឌិតប្រតិភូនៅតែទទូចឲ្យកសិករនៅស្រុកទឹកឈូព្រមទាំងកសិករផ្សេងទៀត ពិចារណានឹងផ្លាស់ប្តូរទម្លាប់ធ្វើកសិកម្មឡើងវិញ ក្នុងនោះគួររួមគ្នាផលិតជីធម្មជាតិ ឬជីកំប៉ុសវិញម្តងកាត់បន្ថយការចំណាយហើយលើសពីនេះការដាំដុះដំណាំគ្រប់ប្រភេទត្រូវចេះរកថ្លៃដើមផលិត ក្នុង១ឯកតាឲ្យឃើញ ទើបបានផលចំណេញ ឬអាចសម្រេចចិត្តបានថា” ត្រូវលក់ ឬមិនលក់នៅទីផ្សារ”។

លើសពីនេះឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់ថា ការផលិត និងដាំដុះកសិករយើងត្រូវចេះគិតគូរដល់សុខភាពអ្នកបរិភោគ និងកូនចៅយើងជំនាន់ក្រោយផង ហើយក្រៅពីនេះបើអត់លុយអាចខ្ចីធនាគារ ARDB ជាធនាគាររដ្ឋមានការប្រាក់ទាបដែលមានមុខងារច្រើនជាធនាគារពាណិជ្ជ ព្រោះកន្លងទៅកសិករយើងមិនបានស្គាល់ទូលំទូលាយទេ ព្រោះជារបស់រដ្ឋមិនទៅណាចោលបងប្អូននោះទេ ដោយកសិករយើងអាចដាក់លុយ ផ្ញើលុយនិងដាក់ប្រាក់បញ្ញើសន្សំបានទៀតនឹងមានស្ថេរភាពជាងធនាគារផ្សេង។

ជាចុងក្រោយតួនាទី សមាគមបណ្តាញកសិករតេជោទី១ជាឆ័ត្រ សម្រាប់កសិករជ្រក និងការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករពីការំលោភបំពាន ឬកេងចំណេញលើកសិករ និងទី២ធ្វើជាស្ពានឱ្យបងប្អូនដើរតភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងតភ្ជាប់សម្លេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមន៍ជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ៕