រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យវឌ្ឍនភាពការងារ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានសំណេះសំណាល និងចែករំលែកបទពិសោធពី ភាពជាអ្នកដឹកនាំជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមកពីគ្រប់នាយកដ្ឋានទាំងអស់ ដោយផ្តោតលើប្រធានបទ How To Lead When You’re Not in Charge * : Leading Beyond Titles ដែលក្នុងនោះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្តល់ទស្សនៈល្អៗ ដើម្បីចូលរួមចំណែកជាបច្ច័យសម្រាប់បុគ្គលិកទាំងអស់ ក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន និងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនថែមទៀត ដើម្បីចូលរួមបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តបុគ្គលិកទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពបន្ថែមទៀតលើភាពជាអ្នកដឹកនាំនិងការដឹកនាំខ្លួនឯងជាគំរូគេ ជាពិសេស ត្រូវបណ្តុះស្មារតីភាពជាអ្នកដឹកនាំខ្លួនឯង និងបុគ្គលិកក្រោមឱវាទ ដើម្បីអាចក្លាយជាអ្នកដឹកនាំបន្តចូលរួមអភិវឌ្ឍន៏ស្ថាប័នឱ្យរីកចម្រើនប្រកបដោយនិរន្តរភាព។ ជាសរុបមក ឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្តល់អនុសាសន៍គន្លឹះជាគតិល្អៗ សម្រាប់បុគ្គលិកយកទៅអនុវត្តការងារ រួមមាន៖ “ភាពជាអ្នកដឹកនាំ គឺមិនអាស្រ័យលើឋានៈ តួនាទី ឬមុខតំណែងនោះទេ ភាពជាអ្នកដឹកនាំពិតប្រាកដអាចចាប់ផ្ដើមជាមួយនឹងការអភិវឌ្ឍសមត្ថភាពខ្លួនឯង មានគំនិតការផ្ដួចផ្ដើម(initiative) និងជួយដល់មនុស្សនៅជុំវិញខ្លួនដែលកំពុងជួបការលំបាក”។ ត្រូវគិតគូរពីការផ្លាស់ប្តូរទម្លាប់មកធ្វើការងារដោយផ្តោតលើគុណភាពការងារ(work quality) ល្បឿនការងារ (speed of work) និងខិតខំធ្វើការងារឱ្យល្អពីមួយថ្ងៃទៅមួយថ្ងៃបន្តិចម្តងៗ ព្រមទាំងអភិវឌ្ឍខ្លួនជាប្រចាំ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតប្រតិភូបានណែនាំថា ការធ្វើកិច្ចការងារដែលជោគជ័យទៅបានត្រូវចេះធ្វើការជាក្រុម និងត្រូវចេះទទួលយកការកែលម្អ ដើម្បីភាពរីកចម្រើន សម្រាប់ស្ថាប័ន ក្នុងនោះត្រូវមានស្មារតីសុទិដ្ឋិនិយម ហេីយត្រូវហ៊ានបដិសេធចំពោះស្មរតីទុទិដ្ឋិនិយម ពោលបុគ្គលិកធ្វើការល្អ ARDB នឹងរីកចម្រើន មិនចាំបាច់មើលអ្វីច្រើននោះទេ មានន័យថា ភាពជាអ្នកដឹកនាំត្រូវធ្វើជាគំរូគេ ទើបអ្នកក្រោមឱវាទគេដើរតាមនឹងទទួលបានការគោរពពីអ្នកដទៃ ហេីយធ្វេីឲ្យស្ថាប័នក៏កាន់តែរីកចម្រើនថែមទៀត។
កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។














