(ភ្នំពេញ)៖ នាល្ងាចថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ ខ្សែច្រវាក់ផលិតកម្ម និងផលិតផល សមិទ្ធផល ឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ និងស្តង់នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ បន្ទាប់ពីពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំនេះ ក៏ត្រូវបានប្រារព្ធធ្វើឡើងផងដែរនៅតាមគ្រឹះស្ថាន TVET តាមបណ្តាខេត្តទូទាំងប្រទេស ដោយមានការដាក់តាំងបង្ហាញពិព័រណ៍សមិទ្ធផល សម្ភារ និងឧបករណ៍បណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាល ស្នាដៃរបស់អង្គភាពនានាចំនួន ៤៣២ អង្គភាព ដែលស្មើនឹង ៥៨៥ ស្ដង់។
ដោយឡែកសម្រាប់ការប្រារព្ធនៅរាជធានីភ្នំពេញនេះ មានការតាំងបង្ហាញពីអង្គភាពចំនួន ១០៨ អង្គភាព ដែលស្មើនឹង ២៦១ ស្ដង់ និងអនុវិស័យចំនួន ១២ ដែលក្នុងនោះក៏មានការចូលរួមពីគ្រឹះស្ថាន TVET ល្បីៗមកពីប្រទេសចិនចំនួន ១០ គ្រឹះស្ថានផងដែរ។ ក្នុងទិវាដែលចាប់ផ្តើមនៅថ្ងៃទី១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ២០២៦ ក៏មានការរៀបចំកម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពទទួលស្គាល់ជំនាញមានពីមុន (RPL) ការធ្វើបាឋកថាពីវាគ្មិននានា ដើម្បីចែករំលែកចំណេះដឹង បទពិសោធអំពីការសិក្សា ការចាប់យកអាជីព និងតម្រូវការទីផ្សារការងារ ក៏ដូចជាការណែនាំមុខជំនាញអាទិភាព ព្រមទាំងការបង្ហាញពីទំនាក់ទំនងរវាងការអប់រំទូទៅ និងកម្មវិធី TVET ដែលត្រូវបំពេញឱ្យគ្នាទៅវិញទៅមកស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា៕




#MLVT #HENGSour #TVET