ភ្នំពេញ៖ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ គាំទ្រយ៉ាងពេញទំហឹងនូវមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility – CCFF)។
នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ ឧកញ៉ា សុង សារ៉ន បានចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនៃ មូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility – CCFF) ដែលរៀបចំឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើន។
ឧកញ៉ា សុង សារ៉ន បានលើកឡើងថា CCFF គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្នុងការជំរុញការវិនិយោគបៃតង និងការប្រមូលធនធានហិរញ្ញប្បទានសម្រាប់គម្រោងដែលរួមចំណែកដល់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
ក្នុងនាមជាក្រុមហ៊ុនដែលប្តេជ្ញាចិត្តលើវិស័យកសិកម្មប្រកបដោយនិរន្តរភាព ក្រុមហ៊ុន អេមរុរ៉ាយស៍ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការនេះ ដែលនឹងជួយបង្កើនឱកាសទទួលបានហិរញ្ញប្បទានសម្រាប់កសិករ សហគមន៍ និងអាជីវកម្មកសិកម្ម ក្នុងការអនុវត្តបច្ចេកវិទ្យាឆ្លាតវៃ និងគម្រោងបៃតងនានា។
សូមអបអរសាទរដល់ ARDB, Mekong Strategic Capital និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកបង្កើតឱ្យមានគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ ដើម្បីគាំទ្រដល់អនាគតបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។
រួមគ្នាកសាងអនាគតបៃតង សម្រាប់ប្រជាជន និងជំនាន់ក្រោយ។









