(រាជធានីភ្នំពេញ)៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៣:០០នាទី នៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, មានការសហការរៀបចំកកិច្ចពិភាក្សាបន្ទាន់ ស្តីពី “ការស្វែងយល់ពីបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងវិធានការក្នុងវិស័យដឹកជញ្ជូន និងការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញរបស់អាជ្ញាធរដែនដី”។
សហដឹកនាំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ)។
កិច្ចប្រជុំនេះមានការចូលរួមពីផ្នែកឯកជន រួមមានប្រធានសមាគម ប្រធានក្រុមហ៊ុន តំណាងក្រុមហ៊ុន ដែលពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូន សហគ្រាសមានឃ្លាំងស្តុកទំនិញ និងអ្នកនាំចេញ-នាំចូលបម្រើផលិតកម្មផលិតក្នុងស្រុក ជាច្រើន។
កិច្ចពិភាក្សាការងារបន្ទាន់នេះបានពិភាក្សា និងស្តាប់អំពីបញ្ហាប្រឈមរបស់វិស័យឯកជន ក្នុងសកម្មភាពការធ្វើពាណិជ្ជកម្ម និងការវិនិយោគនានា។
១. គោលបំណង (១) រៀបចំកិច្ចពិភាក្សាផ្ទៃក្នុងបន្ទាន់មួយ ដើម្បីប្រមូលព័ត៌មាន កត់ត្រារាល់ក្តីកង្វល់ និងស្វែងរកដំណោះស្រាយជាយុទ្ធសាស្ត្រជូនវិស័យឯកជន។
(២) កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបញ្ចៀសផលប៉ះពាល់អវិជ្ជមានលើបរិយាកាសធុរកិច្ច សង្វាក់ផលិតកម្ម និងការងាររបស់កម្មករ-ជានិយោជិត បណ្តាលមកពីវិធានការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញដែលខ្វះអនុលោមភាពច្បាប់របស់អាជ្ញាធរមានសម្ថកិច្ច។
ជាសង្ខេបនៃដំណើការពិភាក្សា អំពី (១) ផលប៉ះពាល់លើសង្វាក់ផលិតកម្ម៖ វិធានការចុះផ្អាក ឬបិទឃ្លាំងទំនិញស្របច្បាប់របស់អាជ្ញាធរដែនដី បានបង្កការរំខានធ្ងន់ធ្ងរដល់រោងចក្រ និងសហគ្រាសក្នុងស្រុក (SMEs) ដែលត្រូវការវត្ថុធាតុដើមចាំបាច់ សម្រាប់ចង្វាក់ផលិតកម្មប្រចាំថ្ងៃ។
(២) វិបត្តិហិរញ្ញវត្ថុអាជីវកម្ម៖ ការផ្អាកផលិតកម្មបណ្តាលឱ្យធុរជនបាត់បង់ចំណូលភ្លាមៗ និងប្រឈមនឹងការខ្វះលទ្ធភាពសងបំណុលធនាគារ។
(៣) បញ្ហានីតិវិធីរបស់អាជ្ញាធរ៖ វិស័យឯកជនកត់សម្គាល់ឃើញថា ករណីចុះត្រួតពិនិត្យមួយចំនួនធ្វើឡើងដោយខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមសម្របសម្រួលបច្ចេកទេសពីមន្ត្រីគយជំនាញ។ ការផ្សព្វផ្សាយរូបភាពបង្ក្រាបលក្ខណៈខ្លីៗលើបណ្តាញសង្គម បានបង្កការភាន់ច្រឡំ និងប៉ះពាល់ដល់ស្ថិរភាពការវិនិយោគ និងទំនុកចិត្តក្នុងការវិនិយោគ។
សេចក្តីសន្និដ្ឋានលទ្ធផលនៃអង្គប្រជុំ (១) ប្រកាន់ខ្ជាប់យន្តការច្បាប់៖ អង្គប្រជុំឯកភាពថា រាល់ការដោះស្រាយត្រូវតែផ្អែកលើការគោរព និងអនុវត្តច្បាប់ជាធរមាន ដោយត្រូវបែងចែកឱ្យដាច់រវាងទំនិញថៃនាំចូលដោយខុសច្បាប់ ឫ ទំនិញគេចពន្ធ និងទំនិញនាំចូលឫទំនិញដែលជាវត្ថុធាតុដើមផលិតកម្មស្របច្បាប់។
(២) ស្នើសុំកិច្ចអន្តរាគមន៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីស្នើសុំកិច្ចពិភាក្សាអន្តរាគមន៍បន្ទាន់មួយ ក្នុងគោលបំណងកំណត់នីតិវិធី និងការគោរពច្បាប់របស់សមត្ថកិច្ចចុះត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងរក្សាស្ថិរភាពសេដ្ឋកិច្ច។


























