(ឃុំជ្រៃវៀន, ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គឹម មាសសុខសីហា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន បានអញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនសមាជិក សមាជិកាគណបក្សមូលដ្ឋានឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ និងសហការី បានពាំនាំនូវការនឹករលឹក និងការគិតគូរពីសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនជូនដល់សមាជិក សមាជិកា ដែលមានសមាជិកគ្រួសារទើបទទួលមរណភាព ចំនួន ៦នាក់; សមាជិកា ដែលទើបសម្រាលបុត្រ (ឆ្លងទន្លេ) ចំនួន ៩នាក់; ឧបត្ថម្ភថវិកាគាំទ្រដល់ក្រុមការងារគណបក្សឃុំ, កម្លាំងប្រជាការពារភូមិ និងការរៀបចំកម្មវិធីសំណេះសំណាលទាំងមូល។
បន្ទាប់ពីជំនួបសំណេះសំណាល ឯកឧត្តមប្រធានក្រុមការងារ បានបន្តដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារគណបក្សមូលដ្ឋានឃុំជ្រៃវៀន ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយសេចក្ដីនឹករលឹកពីសំណាក់ លោកជំទាវ ចម និម្មល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកព្រៃឈរ ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំជ្រៃវៀន ដោយសេចក្តីនឹករលឹក។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានដាក់ចេញនូវទិសដៅការងារដែលត្រូវអនុវត្តបន្ត និងបានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃផែនការយុទ្ធសាស្ត្រឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបានផ្ដល់ការណែនាំគន្លឹះចំនួន ៣ ដល់សាខាបក្សទាំង ១៨ រួមមាន៖
១. ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងសមាជិកបក្សតាមភូមិឱ្យបានច្បាស់លាស់ និងហ្មត់ចត់។
២. ត្រូវពង្រឹងការគ្រប់គ្រង និងក្ដាប់ឱ្យបានណែននូវរាល់សមាជិកបក្សនៅក្នុងមូលដ្ឋាន។
៣. ត្រូវរួមគ្នាបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្សឱ្យកាន់តែរឹងមាំ ដើម្បីធានាឱ្យបាននូវគោលការណ៍ «សមាជិកបក្ស ១រូប គឺជារលកសំឡេងគាំទ្រគណបក្ស ១សន្លឹក» សំដៅដណ្ដើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជាឱ្យបានលើសលុប៕

















