ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត កោតសរសើរចំពោះការរីកចម្រើនរបស់ខេត្តកំពត និងជំរុញឱ្យយកចិត្តទុកដាក់ការអភិវឌ្ឍលើវិស័យអាទិភាព

ខេត្តកំពត៖ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខប្រមាញ់ និងនេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ខេត្តកំពតលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការទាក់ទាញវិនិយោគ ការអភិរក្សបរិស្ថាន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពត ដឹកនាំដោយឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពត។

ក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំខេត្តបានធ្វើរបាយការណ៍ជូនគណៈប្រតិភូអំពីសមិទ្ធផលសំខាន់ៗ ការអនុវត្តច្បាប់ បញ្ហាប្រឈម និងទិសដៅការងារបន្ត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ជាពិសេស ខេត្តកំពតបានសម្រេចលទ្ធផលល្អប្រសើរលើវិស័យវិនិយោគ កសិកម្ម បរិស្ថាន និងការអភិវឌ្ឍជនបទ ដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនសុខុមាលភាពប្រជាពលរដ្ឋ។

បន្ទាប់ពីស្តាប់របាយការណ៍រួច ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានកោតសរសើរចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ដែលបានប្រែក្លាយខេត្តកំពតឱ្យមានសោភ័ណភាពកាន់តែស្រស់ស្អាត ទាក់ទាញ និងស័ក្តិសមជាខេត្តទេសចរណ៍ដ៏មានសក្តានុពលនៅភាគនិរតីនៃប្រទេស។

ជាមួយគ្នានេះ គណៈកម្មការទី៣ និងរដ្ឋបាលខេត្តក៏បានផ្លាស់ប្តូរយោបល់លើវិស័យអាទិភាពសំខាន់ៗ រួមមាន ការជំរុញការវិនិយោគ ការលើកកម្ពស់វិស័យកសិកម្ម និងការអភិរក្សបរិស្ថាន ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព និងបង្កើតឱកាសការងារកាន់តែច្រើនជូនប្រជាពលរដ្ឋ។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បន្តខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ឯកឧត្តមសន្តិបណ្ឌិត បានមានប្រសាសន៍អះអាងថា នឹងនាំយកបញ្ហាប្រឈម និងសំណូមពររបស់ខេត្ត ជម្រាបជូនថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕